Saturday, November 14, 2020

បុរសជាងផ្សារដែកម្នាក់រថយន្តមួយគ្រឿងបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗ....


ខេត្តស្វាយរៀង ៖ បុរសជាងផ្សារដែកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីរថយន្តមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងបានបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ហែន សុកជា  អាយុ៣៤ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិមេភ្លើង​ សង្កាត់ ស្វាយរៀង​ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១O- ៩១២៧ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ប៉ូច ចាន់  អាយុ២៦ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិគោក្រោក ឃុំ គោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រែវែងនិងអ្នករួមដំណើរឈ្មោះ នឿន វុទ្ធី  អាយុ ២៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិ អង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្ដាល។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុមានរថយន្ដម៉ាក LEXUS RX300 ពណ៌ទឹក​មាស ពាក់ស្លាកលេខ ភ្នំពេញ ២BI-០៧៤៦ បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរក្នុងទិសដៅពីលិចទៅកើតហើយសង្ស័័័យថាអ្នកបើកស្រវឹងស្រាទើបទៅបុកគូទម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-៩១២៧ដែលបើកស្របគ្នាពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ខណៈមានជាតិស្រវឹងក្នុងខ្លួន ( ១,១០ mg/L ) ។

ចំពោះសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។​

រីឯមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ៕








0 Reviews:

Post a Comment