Monday, November 30, 2020

ក្រោយផ្ទុះកូវីដ-១៩ ក្នុងផ្ទះលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៅបុរីប៉េង ហួត កម្លាំងនគរបាលខណ្ឌមានជ័យ បានដាក់ពង្រាយកម្លាំងយាមកាមយ៉ាងតឹងរ៉ឹងបំផុត....

ភ្នំពេញ៖ បន្ទាប់ពីមានករណីផ្ទុះកូវីដ-១៩ ក្នុងផ្ទះរបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៅបុរីប៉េង ហួត កម្លាំងនគរបាលខណ្ឌមានជ័យ បានដាក់ពង្រាយកម្លាំងយាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅតំបន់នោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងមួយនេះក្នុងសហគមន៍។

នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ការដាក់ពង្រាយកងកម្លាំងនេះ គឺជាការអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

កាលពីយប់រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី ២៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានស្រាវជ្រាវរកឃើញមានមនុស្ស៤នាក់ទៀត រស់នៅក្នុងបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ ដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគារ ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ។ ដូច្នេះនាំកើនឡើងដល់ ៦ នាក់ហើយនៃការចម្លងចូលសហគមន៍គិតត្រឹមវេលានេះ ។

គួរបញ្ជាក់ថា ក្រោយពីភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានតេស្តរកឃើញកូវីដ-១៩ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងបន្តមកទៀតស្វាមីរបស់លោកស្រីផ្ទាល់ ក៏បានរកឃើញមានផ្ទុកកូវីដ-១៩ ដូចគ្នាដែរ ។

ពេលនោះដែរក្រសួងសុខាភិបាល បានចេញប្រតិបត្តិការជាបន្ទាន់ដើម្បីស្វែករកអ្នកជាប់ពាក់ព័ន្ធទាំងអស់ ។ ក្នុងនោះដែរនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៊ីអន១, គេហដ្ឋានសម្តេចក្រឡាហោ ស ខេង, ក្រសួងមហាផ្ទៃ , ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្តទៀត៕

0 Reviews:

Post a Comment