Tuesday, November 24, 2020

ជនសង្ស័យ៣នាក់ ត្រូវបាន ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចខោអាវរោងចក្រ....


ភ្នំពេញ)៖
 ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស និងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចខោអាវរោងចក្រ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សន សុខពឿន ហៅ សាក់ អាយុ២៤ឆ្នាំ មុខរបរអនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ប៉ិច សុខ អាយុ២០ឆ្នាំ មុខរបរសន្តិសុខរោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ មុខបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែក ជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរអនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តា មានទីលំនៅផ្ទះលេខ២១៨ ផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ ជនរងគ្រោះកំពុងតែនៅផ្ទះស្រាប់តែឈ្មោះ ស៊ិន សុរ៉ែន ដែលប្រធានរដ្ឋបាលរោងចក្រ អៅវ័រ តិចស្តាយ បានទូរស័ព្ទប្រាប់ជនរងគ្រោះថា កាតុងខោដែលត្រូវនាំចេញទៅប្រទេសក្រៅ បានបាត់ចំនួន៨កាតុង គិតជាទឹកប្រាក់ចំនួន ២០០០ដុល្លារ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះក៏បានឱ្យប្រធានរដ្ឋបាលហៅកម្មករ ដែលពាក់ព័ន្ធទាំងអស់មកធ្វើការសួរនាំ ដឹងថាជនសង្ស័យទាំង៣នាក់ ជាអ្នកធ្វើសកម្មភាពលួចយកកាតុងខោ ភ្លាមនោះ ជនរងគ្រោះក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជួយអន្តរាគមន៍ និងប្រគល់ជនសង្ស័យទាំង២នាក់ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យ២នាក់ បានសារភាពថា កាតុងខោ និងខោលីអូដែលលួចបានយកទៅលក់ឱ្យជនសង្ស័យម្នាក់ទៀតឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ គីមស្រេង បានម្នាក់ទៀត នៅផ្ទះរបស់ជនសង្ស័យ យកមកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួច និងទិញខោរបស់រោងចក្រអៅវ័រ តិចស្តាយ ជាច្រើនលើកប្រាកដមែន៕

0 Reviews:

Post a Comment