Friday, November 27, 2020

គម្រោងបង្កើតសមិទ្ធផលនានានៅវិហារភូមិចាមលើ ស្រុកកោះធំរបស់លោក ចៅ តុល លេចចេញជារូបរាងបណ្ដើរៗហើយ

 

កណ្ដាល៖ បន្ទាប់ពីលោក ចៅ តុល អនុប្រធានគណៈអចិន្ ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានសន្យាថា នឹងបន្តកសាងសមិទ្ធផលនានាជាច្រើនផ្សេងជុំវិញវិហារឥស្លាម នៅភូមិចាមលើ ការកសាងអគារវេសនដ្ឋាន ការរៀបឥដ្ឋការ៉ូឡា ខ្លោងទ្វាវិហារ ការពង្រីកផ្លូវបេតុង ការស្ថាបនាច្រាំងទន្លេក្រោយវិហារជាដើម បច្ចុប្បន្ននេះការសន្យាពិតជាត្រូវបានលេចចេញ ជារូបរាងបណ្ដើរៗហើយ ក្រោមអំណរសាទររបស់ក្រុមប្រជាពលរដ្ឋខ្មែរស្លាមទូទាំងស្រុកកោះធំតែម្ដង។


បើតាមលោក ឡា ស្លេះ អ៊ីម៉ាំស្រុកកោះធំ បានប្រាប់ភ្នាក់ងារព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកាថា នេះជាសមិទ្ធផលដ៍វិសេសវិសាលដែលបានលោក ចៅ តុល ខិតខំកសាងឡើង ដោយបង្កើនសោភ័ណភាពជុំវិញវិហារឥស្លាម ដើម្បីប្រយោជន៍ប្រជាជន ខណៈសមិទ្ធផលទាំងនេះ បង្កើនការសាទរយ៉ាងអនេកពីបងប្អូនប្រជាពលរដ្ឋមួយស្រុកកោះធំតែម្ដង។


លោកបន្តថា គិតមកដល់ថ្ងៃនេះ សមិទ្ធផលថ្មីៗកើតឡើងឃើញបានរៀបចំឥដ្ឋការ៉ូឡាបានប្រមាណ៧០%, រៀបចំចាក់គ្រឹះអគាររួចរាល់នឹងបន្តស្ថាបនាឡើង, កំពុងរៀបចំចាក់ច្រាំងទន្លេជាបណ្ដើរៗ, បានរៀបចំការលេចជ្រាបដំបូលវិហារ, បានដាក់ភ្លើងសឡារួចរាល់១០០%, រៀបចំសួនច្បារបានស្អាត១០០% និងកំពុងត្រៀមចាក់ផ្លូវបេតុង និងសាងសង់ខ្លោងទ្វាតាមគម្រោងជាបន្តបន្ទាប់។


លោក អ៊ីម៉ាំ បញ្ជាក់ទៀតថា ទាំងនេះជាសមិទ្ធផលដ៍ល្អបំផុតដែលលោក ចៅ តុល បានខិតខំកសាងឡើងក្នុងនោះ លោកបានកៀរគរសប្បុរសជនមកជួយផងដែរ គឺលោកឧកញ៉ា សួន វីរៈតារា, ឧកញ៉ា ហាំង គា, លោក លឹម លាងឆាយ និងលោកស្រី ម៉ៅ មករា ដែលបានឧបត្ថម្ភមកជួយកសាង ក្នុងយុគ្គសម័យតេជោសន្តិភាព មានសន្តិភាពមានការរីកចំរើន ប្រទេសជាតិមានការអភិវឌ្ឍន៍ ទៅមុខជាលំដាប់ ហើយពិសេសរាជរដ្ឋាភិបាលបានលើកកម្ពស់ និងផ្ដល់តម្លៃដល់សាសនិកឥស្លាមទាំងអស់ ឲ្យមានសិទ្ធិគ្រប់គ្រាន់ និងអាចគោរពប្រណិបត្តិតាមសាសនារបស់ខ្លួន បានយ៉ាងពេញលេញ ។


គួរជម្រាបជូនលោក ចៅ តុល បានធ្វើការចុះជួយកសាងសមិទ្ធផលនានាជាច្រើននៅទឹកដីស្រុកកោះធំនេះ ដែលលោកទទួលបានការអបអរសាទរយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ និងជួយកសាងជាបន្តបន្ទាប់ដើម្បីឲ្យសង្គមរីកចំរើនទៅមុខជាលំដាប់ ហើយបងប្អូនខ្មែរឥស្លាម ១០០% គាំទ្រពេញទំហឹងមកចំពោះគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយបន្តគាំទ្រជារៀងរហូតទៅមុខតទៅទៀត៕




















0 Reviews:

Post a Comment