Sunday, November 22, 2020

គ្រឿងញៀនជិត៥០គីឡូក្រាម និងជនសង្ស័យម្នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាន នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ទៈ តូតាល់ សង្កាត់ភ្នំពេញថ្មី...


(ភ្នំពេញ)៖
 កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុចក្បែរស្ថានីប្រេងឥន្ទៈ តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១៖០០នាទី។

ក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ាន់ ប៉េរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងវត្ថុតាងចាប់យកបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ២កញ្ចប់តូច ទម្ងន់ប្រមាណ១០០ក្រាម។

ការចុះបង្ក្រាបគ្រឿងញៀននេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្សសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់មកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២៖៥នាទី កម្លាំងសមត្ថកិច្ច បានបន្តទៅធ្វើការឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន។

ជាលទ្ធផលចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់ ៤៧៧៨០.៨៧ក្រាម, អ៊ិចស្តាស៊ី(MDMA) ៣០២.៨១ក្រាម, នីមេតាហ្សេប៉ាម ៧៧.០៤ក្រាម។ វត្ថុតាងចាប់យកសរុបរួម៖ ទម្ងន់ ៤៨១៦០,៥៤ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕

0 Reviews:

Post a Comment