Wednesday, November 25, 2020

ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួន ករណីលួចសម្ភារប្រជាពលរដ្ឋ និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន....

(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងចម្រុះ នៃអធិការខណ្ឌដង្កោឃាត់ខ្លួន បន្ទាប់ពីពួកគេបានលួចសម្ភារប្រជាពលរដ្ឋ និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង ៣៖៣០នាទីទាបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះល្វែងកំពុងសាងសង់ផ្លូវ១០៤ ភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ ប៉ាល់ ប៊ុនថន ហៅជ្រុយ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ
*ទី២៖ ឈ្មោះ ឡុង ស៊ីដានី ហៅ ជឿន អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
*ទី៣៖ ឈ្មោះ សឿន សំបូរ ហៅ យួន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យទាំង០៣នាក់ មានសារធាតុញៀន ចំណែកជនរងគ្រោះឈ្មោះ ស៊ុន សារិន អាយុ៧១ឆ្នាំ មុខរបរម៉ៅការសំណង់ ទីលំនៅភូមិទី២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងចាប់យក រួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់តូច, កាំបិតប៉័ងតោចំនួន០២, ដង្កាប់ចំនួន០១, កាបូបស្ពាយពណ៌សូកូឡាចំនួន០១, ម៉ូតូម៉ាកសេ ១០០កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) មានកន្ទុយរ៉ឺម៉កចំនួន០១គ្រឿង, ទ្វារដែកចំនួន០១, ម៉ូទ័រពណ៌លឿងចំនួន០២គ្រឿង, គ្រោងបង្អួចចំនួន០១ផ្ទាំង, ដែកពុម្ភសរសរចំនួន០៤ផ្ទាំង, ដែកកំណាត់តូចៗមួយចំនួន។

សមត្ថកិច្ចបន្តថា នៅវេលាទាបភ្លឺជនរងគ្រោះកំពុងដេកលង់នឹងដំណេកស្រាប់តែជនសង្ស័យ ចូលលួចយកសម្ភារជាគ្រឿងសំណង់បានសម្រេច ភ្លាមៗនោះជនរងគ្រោះដឹង ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋាន ទើបកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់បានជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងផងដែរ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេពិតជាបានធ្វើសកម្មភាពលួចសម្ភារគ្រឿងសំណង់របស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យ ខាងលើតាមនីតិវិធីច្បាប់តែម្តង៕

0 Reviews:

Post a Comment