Thursday, November 26, 2020

ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរបង្ក្រាបទីតាំង Internet ២៤ម៉ោង ដែលលួចបង្កប់ល្បែងស៉ីសងស្ទើរគ្រប់ប្រភេទ ស្ថិតនៅជាប់ផ្សារសាមគ្គី....


(ភ្នំពេញ)៖
 ទីតាំង Internet ២៤ម៉ោង ដែលលួចបង្កប់ល្បែងស៉ីសងស្ទើរគ្រប់ប្រភេទ ស្ថិតនៅជាប់ផ្សារសាមគ្គី ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅបើកដំណើរទាំងយប់ទាំងថ្ងៃដដែល បន្ទាប់ពីមានសំណូមពីប្រជាពលរដ្ឋ ឲ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ ជួយចាត់វិធានការបង្ក្រាបបិទចោលទាំងស្រុង ដើម្បីទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ក្នុងការអនុវត្តគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការសំណូមរបស់ប្រជាពលរដ្ឋ បានធ្វើឡើងតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ក្រោយពីអភិបាលខណ្ឌលោក ជា ពិសី បានបញ្ជាទៅលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ចុះបង្ក្រាបគ្រឿងញៀន និងបង្ក្រាបទីតាំងទូហ្គេមបាញ់ត្រីមួយកន្លែង ព្រមទាំងដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង, ម៉ូតូ៣គ្រឿង, កង់១គ្រឿង, គ្រឿងញៀន និងសម្ភារមួយចំនួនទៀត ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ (ស្រីម្នាក់) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់ស្ថាននីយ៍បូមទឹកគីឡូម៉ែតលេខ៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ បន្ទាប់ពីចុះឆ្មក់បំបែកសំបុកគ្រឿងញៀន និងបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅសង្កាត់ស្វាយប៉ាកនេះ, ប្រជាពលរដ្ឋ មានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ នឹងបន្តចាត់វិធានការបង្ក្រាបទីតាំង Internet ២៤ម៉ោង ដែលលួចបង្កប់ល្បែងស៉ីសងស្ទើរគ្រប់ប្រភេទមួយកន្លែង នៅជាប់ផ្សារសាមគ្គី ដើម្បីទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

0 Reviews:

Post a Comment