Sunday, November 29, 2020

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនមេក្លោងម្នាក់ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន១០សុង....


(ស្ទឹងត្រែង)៖
 កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះបើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនមេក្លោងម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន១០សុង។

ប្រតិបត្តិការនេះបានធ្វើឡើងនាវេលាម៉ោង៤៖០០នាទីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអង់តែនសេវាពី ស្ថិតនៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ផៃ រស្មី បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងលោកឃាត់ខ្លួនបាននៅពេលនេះមានឈ្មោះ ធីង សីហា អាយុ២០ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។

លោកវរសេនីយ៍ឯក បានបន្តថា វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យជាប្រភេទមេតំហ្វេតាមីន WY (គ្រាប់) ១០សុង ១០០កញ្ចប់តូច។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាល កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

0 Reviews:

Post a Comment