Wednesday, December 2, 2020

លក់រថយន្តបានលុយជាង១មុឺនដុល្លារ​ នាំគ្នាចូលម៉ាស្សាកោសជប់ចេញមកខាងក្រៅវិញបាត់លុយអស់៥ពាន់ដុល្លារ​ ...

ភ្នំពេញ ៖​ មានបុរសបីនាក់ទើបមកពីខេត្តឡេីងមកភ្នំពេញដេីម្បីយករថយន្តមកលក់​ ខណៈលក់រថយន្តបានលុយចំនួន១០.៥០០ដុល្លារក៏នាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច​ លុះដល់ពេលចេញមកខាងក្រៅវិញឆែកកាបូបមើលបាត់លុយដុល្លារអស់៥.០០០ដុល្លារ​ហេីយឃើញមានលុយដុល្លារខ្មោច៦០០ដុល្លារក្នុងកាបូបមកវិញ​ ក៏បង្កការភ្ញាក់ផ្អើលដឹងដល់អ្នកសារព័ត៌មានចុះទៅឡាយផ្ទាល់​ កាលពីវេលាម៉ោង១២​ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤​ ត្រង់ចំណុចហាងម៉ាស្សាមួយកន្លែង​ ក្នុងសង្កាត់កាកាប១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ 

ជនរងគ្រោះជាម្ចាស់លុយ​ មានឈ្មោះ​ រុន​ អេម  ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបរកសិករ​ មានស្រុកកំណេីត​នៅភូមិជ្រុងពពេល​ ស្រុករមាសហែក ​ខេត្តស្វាយរៀង។

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុពួកគេមានគ្នាបីនាក់បានបើករថយន្តកូរ៉េមួយគ្រឿងមកពីខេត្តស្វាយរៀងយកមកលក់នៅភ្នំពេញម្ដុំផ្លូវលេខ២០០៤​បានលុយ១០.៥០០ដុល្លារ​ ។ពេលលក់បានលុយហើយក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច​។  ខណៈគាត់ដោះខោអាវនិងកាបូបយកទៅព្យួរមិនទាន់បានម៉ាស្សាស្រួលខ្លួនផង​ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែកនៅខាងមុខហាងថា​ (ប៉ូលិសៗមកហើយ​ )រួចបានជិះម៉ូតូចេញទៅបាត់ធ្វើឲ្យគេទាំងបីនាក់មានការភិតភ័យដោយខ្លាចប៉ូលិសចាប់ដែរនោះក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ​។ ពេលមកដល់ផ្ទះសំណាក់ហើយបានដោះកាបូបស្ពាយចេញ តែដោយមានការសង្ស័យកាបូបស្រាលពេក​ក៏ឆែកមើលស្រាប់តែបាត់លុយអស់៥.០០០ដុល្លារ​ ហេីយបែរជាមានលុយដុល្លារខ្មោច៦០០ដុល្លារ​ទៅវិញ ។ 

ប្រភពដដែលបានបន្តទៀតថា​ ពេលឃើញបាត់លុយដូច្នេះគាត់ទាំងបីនាក់បានជិះឡំប្រឺតាមកកន្លែងម៉ាស្សាវិញស្រាប់មកដល់គេបិទភ្លើងងងឹតឈឹងនិងយកស្លាកយីហោចេញអស់​។ មួយសន្ទុះក្រោយមកក៏មានបងប្អូនអ្នកសារព័ត៌មានជាច្រើនចុះមកសួរនាំនិងធ្វើការឡាយផ្ទាល់ផងដែរ​ ដើម្បីឲ្យសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍​ ប៉ុន្តែគ្មានសមត្ថកិច្ចណាម្នាក់មកអើតសួរនាំសោះឡើយ។

ក្រោយមក​ ជនរងគ្រោះបានជិះឡំប្រឺតាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១​ ទាំងក្ដីអស់សង្ឃឹម​ ខណៈត្រឡប់ទៅផ្ទះវិញត្រូវដោះស្រាយយ៉ាងណាចំពោះគ្រួសារនូវបញ្ហាខាងលេីនេះ​ ៕​









0 Reviews:

Post a Comment