Friday, December 4, 2020

ម្តាយយំបោកខ្លួន ! កូនក្រមុំបើកកាណូតទៅរៀន បាត់ខ្លួន១យប់ ក្លាយជាសពអណ្ដែតទឹក សង្ស័យ…

ខេត្តកំពង់ឆ្នាំង៖ យុវតី ស្រស់ស្អាតម្នាក់ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ពេលបើកកាណូតទៅរៀនត្រៀមប្រឡងបាក់ឌុប ស្រាប់តែបាត់ខ្លួន១ថ្ងៃមិនឃើញត្រឡប់មកផ្ទះ លុះព្រឹកឡើងត្រូវបានគេឃើញសពអណ្ដែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

យុវតីរងគ្រោះ មានឈ្មោះ ឡាំ រដ្ឋា អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ស្រ្តីជាម្ដាយក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងក្តុកក្តួលឲ្យដឹងថា មុនពេលកើតហេតុកូនស្រីគាត់ (យុវតីរងគ្រោះ ) បានបើកទូកកាណូតបាឡាទៅរៀនជាធម្មតា ស្រាប់តែបាត់ដំណឹងមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឲ្យប្តីប្រពន្ធពួកគាត់ជាឪពុកម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីជាខ្លាំង ក៏ពឹងអ្នកស្រុក ដើកទូកដើររកកូនទាំងយប់ តែមិនឃើញសោះ។ លុះព្រឹកឡើងទាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធរ រួមទាំងប្រជាពលរដ្ឋផង ក៏បាននាំគ្នាបើកកាណូតរុករក ក៏ប្រទះឃើញសាកសព នៅវេលាម៉ោង៨ព្រឹក នៅចំណុចខាងលើ ចំណែកទូកបាឡាដែលនាងជិះទៅរៀន គឺអណ្ដែតនៅកណ្ដាលទន្លេ ប្រមាណជាង៥០០ម៉ែត្រពីសាកសព។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត ចុះមកធ្វើកោសល្យវិច័យ និងជិះទូកទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុនៃការស្លាប់របស់យុវតីរងគ្រោះ។ ក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជួយស្រាវជ្រាវលើករណីនេះឲ្យបានយកចិត្តទុកដាក់ ថាតើយុវតីរងគ្រោះស្លាប់ដោយសារអ្វីពិតប្រាកដ បើជាអំពើឃាតកម្ម ត្រូវតាមចាប់ខ្លួនជនដៃដល់នាំមកផ្តន្ទាទោសតាមច្បាប់ ៕

0 Reviews:

Post a Comment