Tuesday, February 2, 2021

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច...


(ភ្នំពេញ)៖
 ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា សន្និបាតនេះធ្វើឡើង គោលបំណងត្រួតពិនិត្យវាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងឆ្នាំកន្លងមក និងដាក់ចេញនូវវិធានការទិសដៅថ្មីៗ សម្រាប់អនុវត្តឆ្នាំបន្ទាប់ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន។ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូល ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយបានកំណត់នូវអាទិភាព សូចនាករ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើលទ្ធផលការងារ ព្រមទាំងមានកំណត់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ននៅតាមមុំ ឬវិស័យនីមួយៗ ឲ្យទទួលបានជោគជ័យតាមផែនការ។

សន្និបាតរយៈពេលមួយថ្ងៃនេះ ក៏មានរបៀបវារៈចំនួន៤ ដែលនឹងត្រូវដាក់ចូលក្នុងកិច្ចពិភាក្សា រួមមាន៖
*ទី១៖ ការពង្រឹងប្រសិទ្ធភាពកិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
*ទី២៖ ការពង្រឹងប្រសិទ្ធភាពកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
*ទី៣៖ ការពង្រឹងប្រសិទ្ធភាពកិច្ចការអធិការកិច្ច ទទួលពាក្យបណ្ដឹង និងដោះស្រាយពាក្យបណ្ដឹង
*ទី៤៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យា ស្ថានអធិការកិច្ច។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបញ្ជាក់ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចមានទស្សនៈវិស័យ «អភិវឌ្ឍន៍ ស្ថាប័ន ឲ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធ្វើជាភ្នែក ជាត្រចៀករបស់រាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋ ការពារសុវត្ថិភាពសាធារណៈការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងប្រជាពលរដ្ឋ ពង្រឹងតម្លាភាព អភិបាលកិច្ចល្អ និងនីតិរដ្ឋ» ដើម្បីប្រែក្លាយទស្សនវិស័យខាងលើឲ្យជាការពិត ក្រសួងមានបេសកកម្ម គឺ៖

បំពេញការងារដោយច្បាប់ជាគោល ក្នុងការផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ធ្វើអធិការកិច្ច តាមឋានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង ដើម្បីសម្រេចលទ្ធផល ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងគោលដៅទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើប្រជាពលរដ្ឋ និងបង្កើនជំនឿជឿជាក់មកលើរាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា អភិបាលកិច្ចល្អជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដំណើរការ នៃការគ្រប់គ្រងធនធានរបស់ស្ថាប័ន អង្គភាព និងការអភិវឌ្ឍនមួយប្រកបដោយនិរន្តរភាព។

អភិបាលកិច្ចដែលប្រកបដោយ សុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អដោយការចាត់ចែង និងការគ្រប់គ្រងបញ្ហា និងធនធានសាធារណៈប្រកប ដោយប្រសិទ្ធភាពហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់សង្គមជាតិទាំងមូល។ ដោយយល់ឃើញពីសារៈសំខាន់ នៃអភិបាលកិច្ចល្អ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា «អភិបាលកិច្ចល្អ គឺជាលក្ខខណ្ឌសំខាន់បំផុត ដើម្បីធានាឲ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ និងយុត្តិធម៌សង្គម»៕

0 Reviews:

Post a Comment