Saturday, February 20, 2021

សន្តិសុខ​ម្នាក់ រំដោះ​ស្ត្រី​៤​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​ចេញ​មក​កម្សាន្ត​ខាងក្រៅ មាន​ស្ត្រី​២​នាក់​ផ្ទុក​កូ​វី​ដ​....


រាជធានី​ភ្នំពេញ ៖ ទាក់ទង​នឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា «​កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​ស្ត្រី​ចំនួន ៤​នាក់ បាន​រួច​ចេញពី​សណ្ឋាគារ​មួយ​(​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​) មក​កម្សាន្ត​ខាងក្រៅ រួច​ហើយ​ទើប​ត្រឡប់​ចូល​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ ។ ក្នុង​ចំណោម​ស្ត្រី​ទាំង​៤​នាក់​នោះ មាន​ស្ត្រី​២​នាក់ ត្រូវ​បាន​ធ្វើតេស្ត រក​ឃើញ វិជ្ជមាន ចំពោះ​កូ​វី​ដ​-១៩» ។

សម្តេច​តេ​ជោ ហ៊ុន សែន ជឿ​ក​ជាក់​ថា ស្ត្រី​២​នាក់​ទៀត ក៏​នឹង​ឆ្លង​កូ​វី​ដ ផង​ដែរ ។ ទាំងនេះ ក៏​ដោយសារ​តែ​មាន​បុរស​ជា​សន្តិសុខ​នៅ​សណ្ឋាគារ ជា​អ្នក​រំដោះ​ស្ត្រី​ទាំង​៤​នាក់ អោយ​ចេញ​ខាងក្រៅ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ត្រឹមតែ​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ការ​ឆ្លង​កូ​វី​ដ​១៩ ចូល​សហគមន៍​«​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» ក្នុង​ទ្រង់ទ្រាយ​ធំ រហូត​ដល់​៣២​ករណី ដែល​ជា​ករណី​មិន​ធ្លាប់​មាន នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានការ​បង្ហោះ​វី​ដេ​អូ​បែកធ្លាយ បង្ហាញ​អោយ​ឃើញ​ពី​ស្ត្រី​ម្នាក់ ខណៈ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគា​មួយ​កន្លែង ក្នុង​ទីក្រុង​ភ្នំពេញ មាន​សន្តិសុខ​ម្នាក់ បាន​រំដោះ​ចេញពី​សណ្ឋាគារ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ឥឡូវនេះ ត្រូវ​បាន​ចេញ​លទ្ធផល​ថា ស្ត្រី​ម្នាក់​នោះ​ធ្វើតេស្ត វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ ។

សូម​ជម្រាប​ដែរ​ថា ចាប់តាំងពី​ម៉ោង​២​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កងកម្លាំង​ចម្រុះ និង​កម្លាំង​គណៈ​បញ្ជាការ​រាជធានី​ភ្នំពេញ ខណ្ឌចំការមន បាន​ចុះ​ធ្វើការ​បិទផ្លូវ​ចេញ​-​ចូល ជុំវិញ​បរិវេណ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street ទល់មុខ​អាគារ The Bridge ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ផ្លូវ​ឡើង​កោះ​ពេជ្រ ស្ពាន​ហង្ស ស្ពាន​ឥ​ន្ធូ​រ និង​ស្ពាន​នាគ​ភ្លោះ ដោយ​ដាក់​រនាំង​ដែក បិទ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ដំណើរ​ចេញចូល​ជា​បណ្ដោះអាសន្ន ៕

0 Reviews:

Post a Comment