Saturday, February 20, 2021

លោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការសាងសង់ចិញ្ចើមផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុងកំពត....


(កំពត)៖
 លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាសាងសង់ កែលម្អបន្ថែមផ្លូវ និងផ្លូវថ្មើជើងអ្នកដំណើរ និងប្រព័ន្ធលូអមសងខាងផ្លូវបេតុង លើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គីទីរួមខេត្ត ទៅដល់ផ្លូវរថភ្លើង ក្នុងសង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលជាគម្រោងផ្លូវបេតុងសរសៃដែក មានប្រវែង១,១០០ម៉ែត្រ ទទឹង១២,៨ម៉ែត្រ កម្រាស់២,៤តឹក (០,២៤ម៉ែត្រ) ដែលអនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុន CRBC។

ក្នុងពិធីនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាវ តាយ បានជំរុញដល់ក្រុមអ្នកម៉ៅការ ឲ្យពន្លឿននៃការស្ថាបនានេះ ឲ្យបានឆាប់រហ័ស និងមានគុណភាព សោភ័ណ្ឌភាព ព្រោះផ្លូវនេះ គឺជាផ្លូវមួយដែលសំខាន់សម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកំសាន្តក្នុងខេត្តកំពត។

លោកអភិបាលខេត្ត ក៏បានឲ្យអាជ្ញាធរក្រុង និងមន្ទីរសាធារណៈការខេត្ត រៀបចំប្រព័ន្ធលូ អមសងខាងផ្លូវ ឲ្យបានត្រឹមត្រូវតាមស្តង់ដារ ជៀសវាងមានការលិចទឹក ឬស្ទះលូដែលអាចបណ្តាលឲ្យមានការខូចខាតផ្លូវ និងបាត់បង់សោភ័ណ្ឌភាពក្នុងក្រុង។

ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត បានណែនាំ ដល់អាជ្ញាធរក្រុង សង្កាត់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការគ្នា ក្នុងដំណើរការអនុវត្តគម្រោងស្ថាបនាកែលម្អ តាមដងផ្លូវនេះឲ្យបានល្អ និងសម្រេចបានលទ្ធផលជោគជ័យ។ ពិសេសឲ្យមានការដាក់ប្រព័ន្ធលូ ឲ្យបានរួចរាល់ តាមស្តង់ដារបច្ចេកទេស ស្របគ្នានឹងការសាងសង់នេះដែរ ក៏ត្រូវជំរុញឲ្យរួចរាល់ឆាប់រហ័ស ដើម្បីបញ្ចៀសការប៉ះពាល់ដល់មុខផ្ទះរបស់ប្រជាពលរដ្ឋយូរពេក។

សូមបញ្ជក់ថា ក្រោយពីគម្រោងស្ថាបនាផ្លូវប៉េតុងរបស់ក្រុមហ៊ុន CRBC រួចរាល់ហើយមក គឺរដ្ឋបាលខេត្តកំពត បានបន្តការកែលម្អ សោភ័ណភាព អនាម័យបរិស្ថាន តាមចិញ្ចើមផ្លូវ ដូចជាការកែលម្អប្រព័ន្ធលូ និងផ្លូវថ្មើជើងអ្នកដំណើរ ព្រមទាំងគម្រោងដាំដើមឈើ អមសងខាងផ្លូវបន្ថែមទៀតជាដើម៕

0 Reviews:

Post a Comment