Wednesday, February 17, 2021

លោកវរសេនីយ៍ទោ ហាក់ លី ដែលបង្កអំពើហិង្សាលើស្រ្តីម្នាក់ ត្រូវបានឃាត់ខ្លួនបានហើយ ក្រោមការបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង....


(ភ្នំពេញ៖
 លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយមន្រ្តីនគរបាលរូបនេះ បានប្រើហិង្សា និងគំរាមបាញ់ស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុងបុណ្យចូលឆ្នាំចិន។

លោកវរសេនីយ៍ទោ ហាក់ លី ត្រូវបានស្រ្តីម្នាក់ប្តឹង ដោយសារលោកបានប្រើហិង្សា និងគំរាមបាញ់ជនរងគ្រោះនៅក្នុងហាងផឹកស៊ី «ជំនោរមករា» ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារខឹងស្រ្តីរងគ្រោះទាំងនោះមិនព្រមទៅដេកជាមួយខ្លួន។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា «លោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង លើស្រ្តីម្នាក់ ត្រូវបានឃាត់ខ្លួនបានហើយ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង»

លោកវេសនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិត ជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង។ លោកថា «ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន។ ម្យ៉ាងវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអាជ្ញខេត្តព្រៃវែងជាមុនសិន »

0 Reviews:

Post a Comment