Friday, February 12, 2021

អ្នកកាត់ខ្សែស្រឡាយចិនសម្រុកមកអុជធូបបន់ស្រន់សុំលាភជ័យហេងសំណាងរកស៊ីមានបាន នៅវិហារចិនលោក​តាធំ ក្រុងតាខ្មៅ.....


ក្រុង​តាខ្មៅ : នៅ​​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២១ ដែល​ត្រូវ​នឹង​ថ្ងៃទី​មួយ នៃ​ពិធីបុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ចិន​​ នៅវិហារ​ធំ ​លោកតា​ចិន ក្រុង​តាខ្មៅ ពោរពេញ​ទៅ​ដោយ​មនុស្សម្នា​អ៊ូអរ មក​កាន់​ទី​នោះ​ក្នុង​បំណង​​អុជ​ធូប​បន់ស្រន់សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន ​និង​ទ្រព្យសម្បត្តិ​ហូរហៀរ។

ជំនឿ​ទៅ​យក​អំពៅ​ខ្មៅ​ពី​ព្រះវិហារ​ចិន លោក​តាធំ (ប៉ោ សែ) ក្រុង​តាខ្មៅ​ នៅ​តែ​បន្ត​ប្រណិបតន៍​ដោយ​ប្រជាជន​ខ្មែរ​សែ​ស្រឡាយ​ចិន និង​វៀតណាម អស់រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។

ទន្ទឹម​នឹង​នោះ​ដែរ អ្នក​មាន​ជំនឿ​លើ​វត្ថុ​ស័​ក្ដិសិទ្ធក៏មិន​ភ្លេច​ដែរ​នូវការ​ជាវ​អំពៅ​ខ្មៅ​ ដើម្បីនាំ​លាភ​សំណាង​​ដល់​ក្រុមគ្រួសារ និង​បណ្ដេញ​គ្រោះ​ចង្រៃ​ចេញ​ពី​ផ្ទះ​សម្បែង​​។​ យោង​តាម​អ្នកស្នង​រូប​នៅ​វិហារ​ចិន ​អ្នក​អាច​យក​ទៅ​ដាក់​នៅ​ផ្ទះ ដើម្បី​នាំ​លាភ និង​យក​ទៅ​ដាំ​ទឹក​ផឹក ដែល​គេ​ជឿថា ​អាច​​ព្យាបាល​ជំងឺ​១០០​មុខ ​ក្រោយ​ពេលសែន​ហើយ​បាន​៣​ថ្ងៃ។ ដូច្នេះហើយ ទើប​ក្រោយ​អ្នក​ដែល​ចាក​ចេញ​ពី​ព្រះវិហារ​ធំ ក្រុង​តាខ្មៅ ម្នាក់ៗ​មិនភ្លេច​ឡើយ​ ដោយ​នាំ​យក​នូវ​ដើម​អំពៅ​មូលៗ​ថ្លោស​ ស្លឹក​វែងៗ​ចង​ភ្ជាប់​នឹង​ដំបូល​រថយន្ត ត្រឡប់ទៅ​កាន់គេហដ្ឋាន​រៀងៗ​ខ្លួន​។ សូមជម្រាបថា នៅទីតាំងវិហារចិនក្រុងតាខ្មៅនេះតែងតែមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ហើយមនុស្សមកសែនព្រេនមានច្រើនកុះករ ២៤ ម៉ោងលើ ២៤ ម៉ោងតែម្ដង ពិសេសគឺចង្អៀតនាពេលយប់៕







0 Reviews:

Post a Comment