Wednesday, February 10, 2021

រឿងរ៉ាវ​ចរាចរណ៍​បន្តិចបន្តួច ក្លាយ​ជា​ជម្លោះ បង្កហិង្សា កើតការ​ប្ដឹងផ្តល់ ភាគីបង្កខាងប្រុសចូលខ្លួន​ ខាងស្រីសន្លប់....


រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ចរាចរណ៍​បន្តិចបន្តួច ដោយ​ភាគី​ម្ខាង​បើករថយន្ត​ម៉ាក​ព្រូស ជិះ​ហួស​ស្តុ​ប​(​ភ្លើង​ក្រហម​) ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត ដែល​បើកបរ​រថយន្ត​ឡិច​ស៊ី​ស បាន​ស៊ី​ប្លេ​រ​ឲ្យ​ចៀស​បែប​ខឹង ធ្វើ​អោយ​មានការ​ខឹងសម្បារ​គ្នា កើតជា​ជម្លោះ​ពាក្យ​សម្តី ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​ទាញ​ទូរស័ព្ទ​ដៃ​ថត​រាងខ្លួន រហូត​ឈាន​ដល់​ប្រទូសរ៉ាយ​បណ្ដាល​ឲ្យ​រង​របួស កើតក្តី​ប្ដឹងផ្តល់​នោះ សមត្ថកិច្ច​ខណ្ឌទួលគោក សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដោយសារ​ភាគី​ទាំង​២ មិន​ឯកភាព សម្របសម្រួល​គ្នា​ឡើយ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ស្តុ​ប​នាង​គ​ង្ហី​ញ សង្កាត់​អូរ​ឫស្សី​២ ខណ្ឌ​៧​មក​រា ប៉ុន្តែ​រថយន្ត​ទាំង​២ បន្ត​បើក​តាម​ឈ្លោះ​គ្នា រហូត​ដល់ទី​តាំង​កើតហេតុ​មុខ​ផ្ទះ​លេខ​២០១ ផ្លួ​វ​១៨២ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បន្ទាប់​ពី​បាន​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ផុស​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bee Yinna ទាក់ទង​ទៅ​នឹង​ករណី​ហិង្សា​មួយ សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​ស្រាវជ្រាវ​ករណី​នេះ ដល់​កន្លែង​កើតហេតុ និង​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ឈ្មោះ វ៉េ​ន វិច្ឆិកា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ (​ជា​ម្ចាស់​គណនី Facebook ឈ្មោះ Bee Yinna) ដែល​ជា​ជន​រង​គ្រោះ រួច​កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​ស្វែងរក​ជន​បង្ក រហូត​ដល់​ថ្ងៃ​ទី​០៩ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​ជន​បង្ក និង​បាន​ធ្វើការ​កោះ​អញ្ជើញ​ភាគី​ជន​រង​គ្រោះ​ឈ្មោះ វ៉េ​ន វិច្ឆិកា និង​ភាគី​បង្ក​ហិង្សា​ឈ្មោះ ជាតិ ចំ​រ៉ុ​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ រួម​និង​ឈ្មោះ មាស សីហា ហៅ​ទី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ភេទ​ប្រុស ជា​មិត្ត​ភ័​ក្ក្រ ។

ជន​បង្ក​ឈ្មោះ មាស សីហា ហៅ​ទី បាន​ចូលខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច ដើម្បី​ធ្វើការ​បំភ្លឺ ប៉ុន្តែ​ជន​បង្ក​ជា​ស្ត្រី​ឈ្មោះ ជាតិ ចំ​រ៉ុ​ង មិន​បាន​ចូលខ្លួន​មក​ដោយ​ផ្ទាល់​នោះ​ទេ ដោយ​បាន​ឲ្យ​មេធាវី​ជា​តំណាង ដោយ​គាត់​ផ្ទាល់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

បន្ទាប់​ពី​មានការ​ជួប​ចរចារ​គ្នា អស់​ពេល​ជា​ច្រើន​ម៉ោង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ទាំង​ភាគី​ជន​រង​គ្រោះ និង​ភាគី​បង្ក​អំពើ​ហិង្សា មិន​បាន​ឈាន​ដល់​ចំណុច​ព្រមព្រៀង ឬ​ឯកភាព សម្របសម្រួល​គ្នា​ឡើយ ដូច្នេះ​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​តុលាការ អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ ។

សូម​រម្លឹក​ដែរ​ថា រឿងរ៉ាវ​ចរាចរណ៍​បន្តិចបន្តួច ក្លាយ​ជា​ជម្លោះ បង្កហិង្សា កើតការ​ប្ដឹងផ្តល់ដោយ​ភាគី​ម្ខាង​បើករថយន្ត​ម៉ាក​ព្រូស ជិះ​ហួស​ស្តុ​ប​(​ភ្លើង​ក្រហម​) ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត បើកបរ​រថយន្ត​ឡិច​ស៊ី​ស ក៏​បាន​ស៊ី​ប្លេ​រ​ឲ្យ​ចៀស ធ្វើ​អោយ​មានការ​ខឹងសម្បារ កើតជា​ជម្លោះ​ពាក្យ​សម្តី ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​ទាញ​ទូរស័ព្ទ​ដៃ​ថត​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ឈាន​ដល់​ប្រទូសរ៉ាយ​បណ្ដាល​ឲ្យ​រង​របួស តែ​ម្តង ។

ភាគី ដែល​ជិះ​ហួស​ស្តុ​ប​ក្រហម គឺ​បើកបរ​ដោយ​ស្ត្រី (​មិន​ស្គាល់​អត្តសញ្ញាណ​) មាន​បុរស​ម្នាក់​ជិះ​ជាមួយ​ក្នុង​រថយន្ត​ម៉ាក​ព្រូស ស្លាក​លេខ ភ្នំពេញ 2AW 2984 ។ ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​ស៊ី​ប្លេ​រដាក់​បែប​ខឹង ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ស្លាក​លេខ ភ្នំពេញ 2BB 0773 បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​ជិះ​អមដំណើរ​មាន​ស្ត្រី​ម្នាក់ ដែល​មានឈ្មោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក Bee Yinna ។

បើ​តាម​ភាគី​ឈ្មោះ Bee Yinna បាន​ដំណើររឿង​ជាបឋម​ដល់​អ្នក​សារព័ត៌មាន​ថា ភាគី​រថយន្ត​ឡិច​ស៊ី​ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ផ្សារ​អូរ​ឫស្សី ឆ្ពោះទៅ​ផ្សារ​ដេប៉ូ ពេល​មក​ដល់​ត្រង់​ស្តុ​ប​នាង​គ​ង្ហី​ញ រថយន្ត​ត្រូវ​ឈប់​រង​ចាំ​ភ្លើង​ខៀវ​ដើម្បី​បន្តដំណើរ​ទៅ​មុខ ។ នៅ​ពេល​ភ្លើង​ចរាចរណ៍​ពណ៌​ខៀវ​រថ​ន្ត​របស់​គាត់​ក៏​ចេញដំណើរ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ព្រូស ធ្វើ​ដំណើរ​លើ​មហាវិថី​ហ្សា​ដឺ​ហ្គោ​ល ឆ្លងកាត់​ស្តុ​ប​នាង​គ​ង្ហី​ញ​ដែរ ប៉ុន្តែ​ស្តុ​ប​នៅ​ភ្លើង​ក្រហម​នៅឡើយ មិនដឹង​ថា រថយន្ត​ព្រូស ប្រញាប់​រឺ​យ៉ាងណា បាន​បើក​កាត់មុខ​រថយន្ត​របស់​គាត់ ពេល​នោះ​គ្រួសារ​របស់​គា​តើ​ជា​អ្នក​បើករថយន្ត ក៏​បាន​ចុច​ស៊ី​ប្លេ​រដាក់ បែប​ខឹង​ថា ហេតុ​អី​ជិះ​អត់​ដឹង​អី​បែប​នេះ (​បើសិន​ចាប់​ហ្វ្រាំង​អត់​ទាន់​មិន​មាន​បុក​គ្នា​ទៅ​ហើយ ? ) ។

ប្រភព​ពី​ភាគី​ឈ្មោះ Bee Yinna បាន​បន្ត​ថា ពេល​ចុច​ស៊ី​ប្លេ​រ​ខ្លាំង​ៗ​ដាក់​រួច​ហើយ ធ្វើ​អោយ​ភាគី​ខាង​រថយន្ត​ព្រូស កើតការ​ខឹងសម្បារ​ផង​ដែរ ទើប​បើករថយន្ត វ៉ា​គ្នា​ទៅ​វ៉ា​មក ក៏​បាន​បើក​កញ្ចក់​សួរ​គ្នា​ទៅ​អ្នក​បើករថយន្ត​ឡិច​ស៊ី​ស​ថា អ្ហែង​ចង់​ម៉េច ? ។ ស្ត្រី​ឈ្មោះ Bee Yinna ក៏​បាន​ឃាត់​គ្រួសារ​ថា​កុំ​តប​! ទុក​អោយ​គាត់​និយាយ​វិញ ព្រោះ​អី​ជា​ស្ត្រី​និង​ស្ត្រី ។ ហើយ​ក៏​មាន​ជម្លោះ​ពាក្យ​សម្តី​ជេរ​គ្នា​ទៅ​វិញ ទៅ​មក រហូត​ដល់​ភាគី​រថយន្ត​ព្រូស ទូរស័ព្ទ​ហៅ​បុរស​ម្នាក់​ទៀត ជិះ​ម៉ូតូ​កាក់​មុខ​រថយន្ត​ឡិច​ស៊ី​ស​ឲ្យ​ឈប់ រហូត​ដល់​កើត​មានការ​ប្រទូសរ៉ាយ​ប្រវា​ប្រតប់ បណ្ដាល​ឲ្យ​រង​របួស​លើ​រាង​ស្ត្រី​ឈ្មោះ Bee Yinna ។

ដោយឡែក បើ​យោង​តាម គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oudom Chheat អះអាង​ជា​បងប្រុស​របស់​ស្ត្រី​ន​បើកបរ​រថយន្ត​ព្រូស បាន​បង្ហោះ​វី​ដេ​អូ និង​សរសេរ​ថា «​បើ​មិន​មាន​ផ្សែង ក៏​គ្មាន​ភ្លើង​ដែរ សូម​មើល​វី​ដេ​អូ​ទី​១ ដល់ទី​៤ ដើម្បី​ជួយ​រក​យុ​ត្តិ​ធ​ម៍ អោយ​ជន​រង​គ្រោះ​ពិតប្រាកដ ដែល​ពេល​នេះ​ប្អូន​ខ្ញុំ​ត្រូវ​ដេកពេទ្យ ព្រោះ​ត្រូវ​គេ​វ៉ៃ មិនដឹង​ប៉ះពាល់​អ្វីខ្លះ ។ ដំបូង​ឡើយ ជា​ជម្លោះ​តិចតួច ដោយ​ពាក្យ​សំដី ក៏​កើត​ចេញ​ជា​ការ​ប្រតាយប្រតប់ រហូត​ភាគី​ម្ខាង​ទៀត មក​ទះកំភ្លៀង​ប្អូន​ខ្ញុំ រួច​ហើយ​ក៏​ភាគី​បង្ក បាន​បើករថយន្ត​ចេញ​ទៅ ធម្មតា​ទាំង​យើង ទាំង​គេ មិនមែន​ចិត្ត​ព្រះ​ឯណា តែងតែ​ចង់​តបត ជា​រឿង​ធម្មតា ចឹ​ង​ហើយ​ភាគី​ប្អូនស្រី​ខ្ញុំ ក៏​បើកឡាន​តាម​អោយ​ភាគី​ម្ខាង​ទៀត​ឈប់ នឹង​កាក់​សួរនាំ ហេតុ​អ្វី​បានជា​ទះកំភ្លៀង​គាត់ ? តែ​បែរជា​ភាគី​ម្ខាង​ទៀត រៀបចំ​ថត​វី​ដេ​អូ សកម្មភាព ដែល​ប្អូន​ខ្ញុំ​តាម​នោះ ហើយ​មិន​តបត អ្វី​ឆ្លើយ​តប​វិញ​ទាំងអស់ ដើម្បី​យក​វី​ដេ​អូ ទី​៤ យក​ទៅ​បង្ហោះ​មួលបង្កាច់​បង្ខូច​កិត្តិយស​ប្អូនស្រី​ខ្ញុំ ថា​ប្អូន​ខ្ញុំ​ជា​ជន​បង្ក ចំណែក​ខ្លួន​គាត់​ជា​អ្នក​ថត​វី​ដេ​អូ ជា​ជន​រង​គ្រោះ​ទៅ​វិញ ។ សូម​សមត្ថកិច្ច ពាក់ព័ន្ធ និង​បងប្អូន​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក មេត្តា​ជួយ​រក​យុ​ត្តិ​ធ​ម៍ អោយ​គ្រួសារ​ខ្ញុំ ដែល​ជា​ជន​រង​គ្រោះ​ពិតប្រាកដ​ផង ! ព្រោះ​ភាគី​ម្ខាង​ទៀត គាត់​មាន​លុយ និង​មាន​អំណាច វា​អាច​អោយ​សរ ទៅ​ជា​ខ្មៅ​បាន ។ គ្រួសារ​ខ្ញុំ សុំ​តែ​ភាព​យុត្តិធម៌​ពិតប្រាកដ ដើម្បី​លុបលាង​នៅ​ពាក្យ​ចចាមអារ៉ាម ខូច​កិត្តិយស​គ្រួសារ​ខ្ញុំ​ទាំងមូល ដែល​មើល​តែ​ម្ខាង ហើយ​មក​ដៀល​គ្រួសារ​ខ្ញុំ ដោយ​ទាំង​គ្នា ជា​ជន​រង​គ្រោះ​ពិតប្រាកដ បែរជា​ក្លាយជា​ជន​បង្ក​ទៅ​វិញ ។ ដោយ​ការ​គោរព នឹង​សូម​អរគុណ​» ៕

0 Reviews:

Post a Comment