Wednesday, February 10, 2021

សង្ស័យអ្នកបើកបរ​ស្រវឹង បើក​រថយន្តស៊េរីទំនើប​មួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យ​ក្រឡាប់ផ្ងារជើង...


រាជធានីភ្នំពេញ ៖ ​រថយន្តស៊េរីទំនើប​មួយគ្រឿងម៉ាក​ PORSHCE MACAN សង្ស័យអ្នកបើកបរ​ស្រវឹង​បានបើក​​បោះពួយយ៉ាងលឿន រួចក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ក្រឡាប់ផ្ងារជើង ប៉ុន្តែមិនបណ្តាល​ឱ្យ​​អ្នកបើកបរ ​និងមនុស្ស​ណាម្នាក់រងគ្រោះនោះឡើយ​។

​ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​កាលពីវេលាម៉ោង៣និង២០នាទី​ឈានចូល​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុច​ច្រក​ចូលផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រថយន្តស៊េរីទំនើបមួយគ្រឿង​ខាងលើ​ម៉ាក PORSHCE MACAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួនបាត់ ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់ និងស្ត្រី២នាក់​ជាអ្នក​រួមដំណើរ​ ស្ថិត​ក្នុងស្ថានភាពស្រវឹងជោកជាំ ​បាន​បើកបរធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក៏បានជ្រុលចង្កូតទៅ​បុក​របាំងថ្មពុះចែកទ្រូងយ៉ាង​ពេញទំហឹង បណ្តាលឲ្យរថយន្តហោះផ្លោងក្រឡាប់ផ្ងារជើងវិលក្បាលត្រឡប់ក្រោយវិញរងការខូចខាតយ៉ាងដំណំ។

តាម​ប្រភព​ខាងលើ​បានបន្តថា ​ចំណែកឯរបាំងថ្មពុះចែកទ្រូងផ្លូវបានរងការខូចខាតបែកឆ្កូតបន្តិចបន្តួច និងមិនបណ្ដាលឲ្យ​មនុស្ស​ណាម្នាក់រងរបួសនោះទេ។ បន្ទាប់ពីកើតហេតុ គេឃើញ​អ្នកបើកបររថយន្ត និង​អ្នក​រួមដំណើរ​ក៏បាននាំគ្នាលូនចេញពីក្នុងរថយន្ត រួចប្រមូលសម្ភារៈចេញពីក្នុងរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

0 Reviews:

Post a Comment