Friday, March 19, 2021

អភិបាលខេត្តកណ្តាល ប្រើវិធានការក្តៅ នឹងចុះរើសំណង់ខុសច្បាប់ ក្រោយទន្ទ្រានកាន់កាប់ដីភូមិសាស្រ្តស្រុកកៀនស្វាយ និងស្រុកស្អាង......


(កណ្តាល)៖
 អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ នឹងប្រើវិធានការក្តៅដោយចាត់ឲ្យក្រុមការងារ មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅរុះរើសំណង់ខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល ក្រោយមានការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ជាច្រើនហិកតានៅតាមតំបន់ទាំងនោះ ដោយសារមានការញុះញង់។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០កន្លងទៅ អាជ្ញាធរធ្លាប់បានព្រមានផ្លូវច្បាប់មេខ្លោង ដែលដឹកនាំសកម្មភាពធ្វើការញុះញង់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ឱ្យទៅចាប់ដីកម្មសិទ្ធឯកជនរបស់គេនៅភូមិព្រែកប៉ុល ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក, ភូមិព្រែកតាកែវ ភូមិព្រែកតាកែវ២, ភូមិជ័យឧត្តម ភូមិជ័យឧត្តម២ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកៀនស្វាយ ឱ្យចៀសវាងឱ្យឆ្ងាយពីបញ្ហានេះព្រោះអាចប្រឈមផ្លូវច្បាប់ ប៉ុន្តែការព្រមាននេះក្រុមមនុស្ស ទាំងនោះមិនព្រមស្តាប់នោះឡើយនៅតែបន្តការទន្ទ្រានបន្តទៀត រហូតមានចំណាត់ការពីអភិបាលខេត្តកណ្តាល។

ជាមួយនឹងចំណាត់ការខាងលើនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ បានប្រាប់ទៅអភិបាលខេត្តកៀនស្វាយ និងស្រុកស្អាង ឲ្យដឹកនាំក្រុមការងារចុះរុះរើសំណង់ខុសច្បាប់ទាំងនេះ និងកំណត់អត្តសញ្ញាណ អ្នកដែលចូលរំលោភកាន់កាប់ដី ជាពិសេសអ្នកញុះញង់នៅពីក្រោយ នៃការចូលរំលោភកាន់កាប់ដីនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមលិខិតរបស់អភិបាលខេត្តកណ្តាល ដែលទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ផ្អែកតាមក្រុមការងារចម្រុះថ្នាក់ខេត្ត នឹងចុះពិនិត្យអនុវត្ត តាមនីតិវិធីច្បាប់ ចំពោះការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ នៅចំណុចដីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិតាមរយៈលិខិតលេខ ២៣ សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយដែក ឃុំសំរោងធំ និងឃុំគគីរធំ ស្រុកកៀនស្វាយ និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើលោកអភិបាលស្រុកទាំងពីរ សហការជាមួយក្រុមការងារ ក្នុងការរុះរើសំណង់ដែលបានសាងសង់រំលោភលើដីកម្មសិទ្ធិខាងលើ និងកំណត់អត្តសញ្ញាណអ្នកដែលចូលរំលោភកាន់កាប់ដី និងអ្នកញុះញង់នៅពីក្រោយនៃការចូលរំលោភកាន់កាប់ដីនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបជូនថា សកម្មភាពនៃការដឹកនាំបំផុសពលរដ្ឋឱ្យទីចាប់យកដីរបស់គេ បានកើតឡលងជាញឹកញាប់ ក្រោមមេខ្លោងដឹកនាំប៉ុន្មាននាក់ ដែលបានលេចចេញរូបរាងឡើង នៅតាមបណ្ដាស្រុកមួយចំនួននៅខេត្តកណ្ដាល រួមមាន ស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាងជាដើម ដែលសកម្មភាពនេះ ត្រូវបានម្ចាស់ដីជាច្រើនបានរអ៊ូរទាំថា ជាវិធីរកលុយព្រៃផ្សៃដោយគេប្រើវិធី «ឈ្នះបានដី ចាញ់បានលុយ» ខណៈពួកគាត់ស្នើរសុំថ្នាក់ដឹកនាំខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់និងដោះស្រាយបញ្ហានេះផង៕

0 Reviews:

Post a Comment