Thursday, March 18, 2021

តារាចម្រៀងនាយ ចឺម និងសមាជិកគ្រួសារ១៣នាក់ ធ្វើតេស្តលើកទី១ លទ្ធផល អវិជ្ជមានកូវីដ-១៩.....


(ភ្នំពេញ)៖
 បន្ទាប់ពីត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័ក និងបានធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយមានការប៉ះពាល់ជាមួយតារាកំប្លែង ស្រីអ៉ីត នៅពេលនេះ តារាចម្រៀងនាយ ចឺម និងសមាជិកគ្រួសារសរុបចំនួន១៣នាក់ បានទទួលលទ្ធផលធ្វើតេស្តសំណាកលើកទី១ហើយ គឺ «អវិជ្ជមានកូវីដ-១៩» ទាំង១៣នាក់។

អតីតតារាកំប្លែង CTN នាយ ចឺម បានប្រាប់នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា ការធ្វើតេស្តរកជំងឺកូវីដ-១៩ លើកទី១ សម្រាប់សមាជិកក្រុមគ្រួសាររបស់លោកទាំង១៣នាក់ រួមទាំងលោកផ្ទាល់ គឺទទួលបានលទ្ធផល «អវិជ្ជមាន» ទាំងអស់ ហើយពេលនេះលោកកំពុងរង់ចាំលទ្ធផលធ្វើតេស្តលើកទី២។ លោកថា ប្រសិនបើលទ្ធផលធ្វើតេស្តលើកទី២ បង្ហាញថាអវិជ្ជមានទៀត ក្រុមគ្រូពេទ្យ នឹងអនុញ្ញាតឲ្យក្រុមគ្រួសារលោកត្រឡប់ទៅផ្ទះវិញហើយ។

នាយ ចឺម បានបញ្ជាក់ថា សមាជិកគ្រួសាររបស់លោកទាំងអស់មាន១៣នាក់រួមទាំងលោក បច្ចុប្បន្នកំពុងតែធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះ នាយចឺម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការរើសអើសដល់អ្នកមានកូវីដ-១៩ ឬអ្នកសង្ស័យថាមានកូវីដ-១៩ បានន័យថា លោកសំណូមពរដល់បងប្អូនខ្មែរទាំងអស់ ត្រូវចេះជួយគ្នាទៅវិញទៅមក ត្រូវផ្តល់កំលាំងចិត្តឲ្យគ្នាទៅវិញទៅមក ព្រោះគ្មានមនុស្សណាម្នាក់ ចង់កើតជំងឺកូវីដ-១៩ នេះទេ។

នាយ ចឺម ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ និងចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យសភាពការកាន់តែប្រសើរ អាចប្រកបមុខរបររកស៉ីបានដូចដើមធម្មតាវិញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៨៩៨នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៤០នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

0 Reviews:

Post a Comment