Thursday, March 18, 2021

​បែកធ្លាយ​ពូ​​ចាប់រំលោភ​ក្មួយ​ស្រីបាន​សម្រេច​​រហូត​០៣​ដង និងគំរាម​សម្លាប់.....


ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ស្ថិតនៅ​​ក្នុងស្រុក​ថ្មគោល ក្រោយ​ពី​បែកធ្លាយ​រឿងអាស្រូវ​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំបាន​សម្រេច​ជា​បន្តបន្ទាប់​រហូត​០៣​ដងជា​ការ​គំរាម​សម្លាប់ បើ​នាង​ហ៊ាន​ទម្លាយ ប្រាប់​ម្ដាយ​ឬ​ក្រុម​គ្រួសារ​។

អធិការ​ស្រុក​ថ្មគោល លោក​ផង់ សុភាព បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហម កែវ​ឡាយ អាយុ​២៣​ឆ្នាំ រីឯ​ជន​រង​គ្រោះ​មាន អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ជាមួយ​គ្នា​ ។ លោក​អធិការ​បាន​ប្រាប់​ថា ជនសង្ស័យ​ត្រូវជា​ពូ​របស់​ក្មេង​ស្រី​រង​គ្រោះ​។

បើ​តាម​ក្មេង​រង​គ្រោះថា ពូ​គំរក់​នេះ​ធ្លាប់​ប្រើ​ល្បិច​ចាប់​នាង​រំលោ.ភ​បាន​សម្រេច​រហូត​ដល់​ទៅ​០៣​ដង ហើយ​លើក​ចុង​ក្រោយ​នៅ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ មីនា ត្រង់​ចំណុច​ប្រឡាយ​អូរ​តា​ជួន ​​ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​ ។ លោក​ផង់ សុភាព បាន​បញ្ជាក់​ថា កុមារី​រង​គ្រោះ​រស់នៅ​ជាមួយ​ជីដូន រីឯ​អាណាព្យាបាល​របស់​នាង​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​។ បើ​តាម​ចម្លើយ​នាងតូច ជា​រៀង​រាល់​លើក​ពេល​ជន​នេះ​ប្រើ​ល្បិច​រំលោភ​នាង​រួច ជន​នេះ​តែង​គំរាម​ចង់​សម្លាប់​នាង ប្រសិនបើ​នាង​ទម្លាយ​រឿង​នេះ​ប្រាប់​ម្ដាយ​ឬ​ជីដូន​ឱ្យ​ដឹង ដូច្នេះ​ហើយ​ទើប​នាង​ព្យាយាម​លាក់ លុះ​លើក​ចុង​ក្រោយ​ត្រូវ​ជីដូន​នាង​ឃើញ បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ ហើយ​នាង​ក៏​បើក​កកាយ​រឿង​នេះ​បន្ថែម សាច់ញាតិ​ក៏​ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ពូ​គំរក់​នេះ​តែ​ម្ដង​។

យោង​តាម​របាយ​ការ​សមត្ថកិច្ច​ដែល​ស្រង់​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ បានឱ្យ​ដឹង​ថា អំពើ​រំលោភ​សេពសន្ថវ​:​ទាំង​០៣​លើក​នោះ គឺ​លើក​ទី​០១ នាង​មិន​ចាំ​ពេលវេលា​ទេ តែ​ក្នុង​ឆ្នាំ​២០១៩ នៅ​ចំណុច​ប្រឡាយ​ស្វាយ​អា ស្ថិត​ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ​។ លើក​ទី​០២ មិន​ចាំ​ពេលវេលា ក្នុង​ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​ស្រះ​ខាងកើត​សាលា​បឋម​សិក្សា​ប្រគាប ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ និង លើក​ទី​០៣ ជា​លើក​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​១៧ មិ​នា នៅ​ចំណុច​ក្នុង​ប្រឡាយ​អូរ​តា​ជួន ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​។

នៅ​ចំពោះ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ហម កែវ​ឡាយ មិន​បាន​បដិសេធ​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ​ទេ​។ ជន​តិរច្ឆាន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ល្បិច​លូ​ង​លោម​ក្មេង​ស្រី ទៅ​កន្លែង​ស្ងាត់ ដើម្បី​បង្ខំ​រំលោភ​នាង​បាន​សម្រេច​រហូត​ដល់​ទៅ​០៣​ដង​មែន​។ លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោល បាន​និយាយ​ថា ពេល​នេះ​ជនសង្ស័យ​កំពុង​បន្ត​ការ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក​ថ្មគោល​នៅឡើយ តែ​នឹង​បញ្ជូន​បន្ត​ទៅ​ស្នងការ​ខេត្ត​ត​នា​ពេល​ខាង​មុខ​នេះ ក្រោ​រយ​បញ្ចប់​ការ​សួរនាំ​៕​​

0 Reviews:

Post a Comment