Monday, March 22, 2021

​ជន​មិន​ស្គាល់​មុខ​ម្នាក់ ​ឡើង​ទៅ​ពូន​សម្ងំ​លើ​ធ្នឹម​ផ្ទះ​របស់​គេ រួច​ក៏​បាន​ស្ទុះ​ចុះ​មក​កាប់​ម្ចាស់ផ្ទះ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​....


ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នូវ​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បាន​នៅឡើយ​ទេ ចំពោះ​ករណី​ជន​មិន​ស្គាល់​មុខ​ម្នាក់​ដែល​បាន​ឡើង​ទៅ​ពូន​សម្ងំ​លើ​ធ្នឹម​ផ្ទះ​របស់​គេ រួច​ក៏​បាន​ស្ទុះ​ចុះ​មក​កាប់​ម្ចាស់ផ្ទះ (​ប្ដី​) បណ្ដាល​ឲ្យ​រង​របួសធ្ងន់​នៅ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​តែ​ដេក ហើយ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មើលឃើញ ក៏​ស្រែក​ផ្អើល​អ្នក​ភូមិ​ថា «​ចោរ​ៗ»​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​តា​ញ្ច្រែ​ង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ សួន វី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វ៉ា​ន់ លក្ខណ​: អាយុ​១៨​ឆ្នាំ​។ ហើយ​ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​ចំនួន​៣​កាំបិត ចំ​ជើង​ឆ្វេង ថ្ងាស និង​កំភួនដៃ ។

បើ​តាម​មន្ត្រី​មូលដ្ឋាន​ដែល​បាន​ស្រង់​សំដី​ម្ចាស់ផ្ទះ​បាន​និយាយ​ថា គាត់​មិន​បានដឹង​ថា​ជន​មិន​ស្គាល់​មុខ​នោះ បាន​ឡើង​ទៅ​សម្ងំ​លើ​ធ្នឹម​ផ្ទះ​គាត់​ដែល​កំពុង​សាងសង់​នោះ​តាំងពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​នៅ​វេលា​រំលង​អធ្រាត្រ ខណៈ​ពេល​ដែល​គាត់​និង​ប្រពន្ធ​កំពុង​តែ​ដេក​នោះ ស្រាប់តែ​គាត់​ហាក់​ដឹងខ្លួន ក៏​បើកភ្នែក​មើលឃើញ​មាន​មនុស្ស​កំពុង​សម្ងំ​លើ​ធ្នឹម​។

សមត្ថកិច្ច​បាន​ស្រង់​ចម្លើយ​ទៀត​ថា ពេល​នោះ​គាត់​ព្យាយាម​ពិនិត្យ​ឃើញ​មនុស្ស ក៏​ស្រែក​ឆោឡោ​ឡើង​ថា «​ចោរ​ៗ» ស្រាប់តែ​ជន​នោះ​ហក់​ចុះ​មក​ប្រវាយប្រតប់​គ្នា ហើយ​កាប់​ខ្លួន (​ប្តី​) ជា​ច្រើន​កាំបិត រួច​រត់​ចេញពីផ្ទះ​គេចខ្លួន​បាត់​។

សមត្ថកិច្ច​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ចំពោះ​ករណី​ខាងលើ​នេះ​ថា តើ​វា​ជា​ករណី​ប៉ុនប៉ង​ប្លន់ ឬ​ប៉ុនប៉ង​មនុស្ស​.​ឃា​.​ត​. ឬ​ក៏​យ៉ាងណា​នៅឡើយ​ទេ? ប៉ុន្តែ​បើ​តាម​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​បង្ក​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​រួច ជន​រូប​នោះ​ក៏​បាន​រត់គេច​ខ្លួន​ចោល​កង់​មួយ​គ្រឿង និង​កាំបិត​ផ្គាក់​ផ្សា​រត​.​ដង​ដែក​ចំនួន​១ ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា នៅ​ពេល​ដែល​ជនសង្ស័យ​រត់គេច​ចេញពីផ្ទះ​ជន​រង​គ្រោះ ជន​នោះ​បាន​ជួប​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ ហើយ​ក៏​សុំ​ម៉ូតូ​គេ​ជិះ​ទៅ​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ដែល​ខ្លួន​ស្គាល់ នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។ លុះ​ពេល​ទៅ​ដល់​ជនសង្ស័យ​នេះ​បាន​ចូល​ទៅ​ក្នុងផ្ទះ​ដែល​ខ្លួន​ស្គាល់​នោះ ហើយ​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ម្ចាស់ផ្ទះ​និយាយ លុះ​ពេល​ម្ចាស់​ហុច​ទូរស័ព្ទ​ឱ្យ​ជន​រូប​នោះ​ឆក់​យក​ទៅ​បាត់​ទៀត ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​តាម​លំដាប់លំដោយ គេ​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​នោះ​ហើយ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជន​នោះ​៕

0 Reviews:

Post a Comment