Wednesday, March 10, 2021

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ពន្យល់ករណីចំណាត់ការលើស្ត្រីនគរបាលចរាចរណ៍ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូនពេលចុះបំពេញការងារ....


(ភ្នំពេញ)៖
 បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីមហាជនអ្នកលេង Facebook ដោយសម្តែងការមិនពេញចិត្ត ចំពោះ ចំណាត់ការលើស្ត្រីនគរបាលចរាចរណ៍ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយសារបំបៅដោះកូនពេលចុះបំពេញការងារនោះ, នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ បានចេញមកពន្យល់ករណីនេះ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានពន្យល់បន្តថា «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ»

នាយឧត្តមសេនីយ៍បន្តថា ដូច្នេះករណីរបស់ស្ត្រីនគរបាលចរាចរណ៍បំបៅដោះកូននៅខេត្តស្ទឹងត្រែង ទោះប្រើប្រាស់ឯកសណ្ឋានកងកម្លាំងក្តី គឺមិនមានអ្វីខុសឆ្គងទេ ជាកាតព្វកិច្ចរបស់ស្ត្រីគ្រប់រូប ប៉ុន្តែរាល់ការផ្តល់ព័ត៌មាន ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនពី ប្រធានអង្គភាពរបស់ខ្លួនជាមុនសិន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន សូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់គាំទ្ររបស់បណ្តាញសង្គម Facebook ដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ពិសេសកងកម្លាំងជានារី ដែលខិតខំលះបង់ក្នុងការបំពេញភារកិច្ច រក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

0 Reviews:

Post a Comment