Tuesday, March 23, 2021

ធនាគារជាតិនិងក្រសួងសេដ្ចកិច្ចហិរញ្ញវត្ថុ បានចេញប្រកាសឲ្យគ្រប់ធនាគារ បន្ធូរបន្ថយ និងលើកលែងការផាកពិន័យ


យោងតាមសេចក្តីប្រកាសរួមស្តីពីលទ្ធផលកិច្ចប្រជុំស្តីបញ្ហាអចលនទ្រព្យនៅកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនវត្ថុ ក្នុងបរិបទនៃការរីករា ល ដាលជំងឺកូវីដ១៩ និងវិធានការអនុគ្រោះផ្សេងៗដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ។

ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយបញ្ហាសម្ភាធហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវនិងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យទាំងអស់ សូម៖

១-ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន

២-លើកលែងការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគា រសហកម្មសិទ្ធិនានាក្នុងករណីដែលអ្នកទិញយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់ ។

៣-មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែមចំពោះការយឺតយ៉ាងក្នុងការបង់ប្រាក់រំលស់

៤-ដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនរបស់ខ្លួនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា

៥-អនុវត្ថវិធានការទាំងនេះឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២ ។

ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តតាមដា ន វិវត្តសភាពការណ៍ថ្មីៗបន្តទៀត ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការអនុវត្ថវិធានការខាងលើ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ៕

0 Reviews:

Post a Comment