Wednesday, March 24, 2021

លោកពូប្រហែលទោរទន់ខ្លាំងហើយមើលទៅ សូម្បីតែវែនតា​ក៏ពាក់បញ្ច្រាសដែរ​ ខណៈ​ស្រវឹង​​បើករថយន្ត​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​បណ្តាល​ឱ្យ​បុរសម្នាក់​​រង​របួស និង​ព្យាយាម​បើក​រត់....


រាជធានីភ្នំពេញ ៖ រថយន្ត​​នីស្សាន់មួយ​គ្រឿង ខណៈ​អ្នកបើកបរ​ស្រវឹង​បាន​បើក​ជ្រុល​ទៅ​បុក​និងម៉ូតូ​​ហុង​ឌ្រី​ម​​​ចំ​ពី​ក្រោយ​បណ្តាល​ឱ្យ​បុរសម្នាក់​​រង​របួស ​ហើយ​រថយន្ដ​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​តាំងពី​ខណ្ឌ​ច្បារ​អំពៅ រហូត​ដល់​ខណ្ឌមានជ័យ ទើប​សមត្ថកិច្ច​ឃាត់​បាន​មក​វិញ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៣ មីនា​ ឆ្នាំ​២០២១ ស្ថិតចំណុចស្តុ​ប​ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​បុរស​ម្នាក់​ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HZ-2103 បាន​ធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់ ចំណុច​កើតហេតុ​ស្រាប់តែ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​ទៀត បាន​បើករថយន្ត​ម៉ាក NISSAN X-SRAIL ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-2015 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​អ្នកបើកបរ​ស្រវឹង​ផង​នោះ ទើប​ធ្វើ​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ​ពីក្រោយ អោយ​ដួល​រង​របួស រលាត់​ដៃជើង​តិចតួច ព្រមទាំង ខូចខាត​ម៉ូតូ​ផ្នែក​ខាងក្រោយ​ផង​ដែរ ។

ដោយឡែក ខាង​រថយន្ត​វិញ នៅ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច ទាំង​ស្ថាន​រេ​ចង្កូត​ពេញ​ផ្លូវ រហូត​ដល់​មុខ​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ បាន​បងប្អូន សហការ​ជាមួយ​និង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​១ ជួយ​ឃាត់​រថយន្ត​និង​អ្នកបើកបរ បាន​មក​វិញ​ផង​ដែរ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ និង​ពេល​ដែល​សមត្ថកិច្ច​ឃាត់​បាន​ហើយ អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ទ្រេតទ្រោត ទប់ខ្លួន​មិន​ចង់​ជាប់ ហើយ​ថែម​ទាំង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យមក​លើ​កងកម្លាំង​សមត្ថកិច្ច ក៏​ដូច​ជា​អ្នក សារ​ព័ត៌មាន​ផ្សេង​ៗ​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​និង កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​ម្ចាស់​ករណី អោយមក​យក​រថយន្ត​រួម​ទាំង​អ្នកបើកបរ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​គ្នា​ជាមួយ​និងភាគី​ខាង​ម៉ូតូ​ដែល​ជា​ជន​រង​គ្រោះ ទៅ​តាម​នីតិវិធី ៕

0 Reviews:

Post a Comment