Wednesday, March 24, 2021

សម្តេច​តេ​ជោ អំពាវនាវ​ពលរដ្ឋកុំ​ចេញ​ក្រៅ​ផ្ទះបើ​គ្មាន​ការ​ចាំបាច់ព្រោះ​កូ​វី​ដ​១៩កំពុង​វាយលុក​ក្នុង​សហ​គម​ខ្លាំង....


រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​កុំ​ចេញ​ក្រៅ​ផ្ទះ ប្រសិនបើ​គ្មាន​ការ​ចាំបាច់ ដោយសារ​ពេល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​វាយលុក​ក្នុង​សហ​គម​ខ្លាំង ហើយ​ប្រសិនបើ​ចាំបាច់ ត្រូវ​ជួប​មនុស្ស​នៅ​ខាងក្រៅ ត្រូវ​រក្សា​គម្លាត​សង្គម​យ៉ាងតិច​១​ម៉ែត្រ​កន្លះ ។

យោង​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​«​អរគុណ​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​កូ​វី​ដ​-១៩ និង​អរគុណ​ចំពោះ​ការ​យោគយល់​របស់ ប្រជាពលរដ្ឋ ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​» ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ទៀត​ថា «​ដោយសារ​ពេល​នេះ​ជំងឺ​កូ​វី​ដ​-១៩ កំពុង​វាយលុក​ក្នុង​សហ​គម សូម​បងប្អូន​កុំ​ចេញ​ក្រៅ​ផ្ទះ​ប្រសិនបើ​គ្មាន​ការ​ចាំបាច់ ។ ត្រូវ​តែ​ពាក់​ម៉ាស​ដាច់ខាត និង​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចិ​ល ឬ​ទឹក​អាកុល​។ ប្រសិនបើ​ចាំ បាច់​ត្រូវ​ជួប​មនុស្ស​នៅ​ខាងក្រៅ ត្រូវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់ ១​ម៉ែត្រ​កន្លះ ។ ចំពោះ​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ត្រូវធ្វើ​អោយ​បាន​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​-១៩ ហើយ​បន្ត​អនុវត្តន៍​តាម​វិធានការ ៣​ការពារ និង ៣​កុំ ឲ្យ​បាន​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន ។

សូម​រំលឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​១៨១៧​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ ចំនួន​១០៣៣​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៧៧៧​នាក់​, ស្លាប់​ចំនួន ៥​នាក់ ។​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​ព្រឹត្តិការ​សហគមន៍​២០​កុ​ម្ភះ​បាន​កើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​ជាង​១​ពាន់​នាក់​ហើយ ដែល​ជាក​ក្តា​មួយ​ដែល​រាជ​ដ្ឋា​ភិ​បាល​ព្រួយបារម្ភ​ផង​ដែរ​៕

0 Reviews:

Post a Comment