Friday, March 5, 2021

ជម្លោះ​ពាក្យ​សម្ដី​គ្នា​ឈាន​ដល់​ប្រើ​ហិង្សា​ ​បណ្ដាល​ឱ្យ​ស្រី្ត​ម្នាក់​ត្រូវ​មួយ​បុ័ងតោ​ចំ​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន......


ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​អាជីវករ​លក់ដូរ​ពីរ​នាក់​នៅ​ផ្សារ​ជី​មាន់បាន​បង្កជម្លោះ​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ស្រី្ត​ម្នាក់​ត្រូវ​មួយ​បុ័ងតោ​ចំ​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​របួសធ្ងន់ ។

ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៤ មីនា ២០២១ ករណី​ហិង្សា​នេះ នៅ​ចំណុច​ផ្សារ​ជី​មាន់ ស្ថិត​ក្នុងភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អ្នក​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ។

លោក​វរៈសេនីយ៍ទោ​ថា​ញ់ សុខ​វ៉ា​ត អធិការ​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ល្ងាច​អ្នកលក់​ដូរ​ដែល​ជា​ជន​រង​គ្រោះ​ត្រូវ​រើ​របស់របរ ដើម្បី​លើកដាក់​រ៉ឺ​ម៉ក​ម៉ូតូ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ដោយ​គ្រាន់តែ​ដាក់​បាន​បន្តិច​ប៉ុណ្ណោះ​ត្រូវ​បាន​ភាគី​បង្ក​ឈ្មោះ ណ​យ សុខ​នី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​ស្តៅ ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្ន​មក​ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ស្ដីបន្ទោស​ដោយ​ថា ដាក់​នេះ​បាន​បាំង​ផ្លូវ​របស់​គាត់ ។

អធិការ​នគរបាល​ស្រុក​ពញាក្រែក ប្រាប់​បន្ត​ថា ដំបូង​គេ​ឮ​ពាក្យ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​តែ​តូប​លក់ដូរ​នៅ​ទល់មុខ​គ្នា នឹក​ស្មាន​តែ​ប្រកែក​លេងសើច​ធម្មតា លុះ​ពេល​ក្រោយមក​បែរជា​ឮ​ពាក្យ​អសុរោះ​ប្រកែក​ទៅ​វិញ​ទៅ​មក ។

អ្នក​រង​គ្រោះ​ឈ្មោះ យ៉ា​ន គ​ន្ធា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ជី​មាន់​ជើង ឃុំ​ក្រែក​បាន​យក​ផ្លែ​ល្ហុង​ទុំ​គប់​ទៅ​លើ​ភាគី​បង្ក បណ្ដាល​ឱ្យ​បែក​ល្ហុង​អស់​ក្នុង​ពេល​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​បង្ក​កាន់តែ​ខឹង​ខ្លាំង​ឡើង និង​បាន​ស្ទុះ​មក​ដោយនៅ​ក្នុង​ដៃ​មាន​កាន់​កាំបិតប៉័ងតោ ប្រតាយប្រតប់​គ្នា​ជា​ហេតុ​បណ្ដាល​ឱ្យ​ត្រូវ​ក្បាល​អ្នក​រង​គ្រោះ​មួយ​កាំបិត​ត្រជាក់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ ។

ឃើញ​បែប​នេះ ប្ដី​របស់​អ្នក​រង​គ្រោះ​បាន​ចូល​ទៅ​ចាប់​ប្រពន្ធ​របស់​ខ្លួន និង​បាន​ប្រញាប់ប្រញាល់​យកប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ។ ចំណែក​ស្ត្រី​បង្ក​ដែល​រៀបចំខ្លួនប្រាណ ដើម្បី​មក​លក់​ផាក់​ឡូ​វ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដោយ​មានការ​ឯកភាព​ពី​លោក ប៉ុក តារា ព្រះ​រា​ជ្រ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។

លោក​វរសេនីយ៍ទោ​ថា​ញ់ សុខ​វ៉ា​ត បញ្ជាក់​ថា ក្រោម​បញ្ជា​ពី​លោក​ឧត្តម សេនីយ៍​ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត ស្ត្រី​ជា​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ពញាក្រែក ។ ជាមួយ​នោះ​ភាគី​រង​គ្រោះ​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥.០០០​ដុល្លារ និង​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​៕

0 Reviews:

Post a Comment