Friday, March 19, 2021

បុរស​ជា​សន្តិសុខ​វ័យ​ចំណាស់​ម្នាក់ ​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​រក​ទិញ​បបរ​ហូប ស្រាប់តែ​​ងងឹតមុខ បណ្ដាល​ឲ្យ​ដួល​​ស្លាប់​​ភ្លាម​ៗ​....


រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​វ័យ​ចំណាស់​ម្នាក់ ខណៈ​ដើរ​ចេញពី​បន្ទប់​ជួល​ដែល​គាត់​ស្នាក់​នៅ ក្នុង​បំណង​ទៅ​រក​ទិញ​បបរ​ហូប ស្រាប់តែ​មាន​អាកា​រៈ​ងងឹតមុខ បណ្ដាល​ឲ្យ​ដួល​នឹង​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង ហើយ​សមត្ថកិច្ច​បាន​សង្ស័យ​ថា បុរស​នោះ​កើត​ជម្ងឺ​ខ្យល់គរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១ នៅ​ចំ​ណុ​ច្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
បុរស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ សាន់ ណូ​ក អាយុ​៥២​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ដើម​ថ្នឹង​ទី​១ ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​សន្តិសុខ​វ័យ​ចំណាស់​រូប​នោះ​ដើរ​ចេញពី​បន្ទប់​ជួល​ដែល​គាត់​ស្នាក់​នៅ ដោយ​ប្រាប់​ក្រុម​គ្រួសារ​ថា ទៅ​រក​ទិញ​បបរ ដើម្បី​ហូប​ហើយ​ក៏​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា គាត់​មានរឿង​បែប​នេះ​កើតឡើង​ឡើយ ។ លុះ​ក្រោយ​ពេល​ដើរ​ចេញ​ផុត​ពី​បន្ទប់​បន្តិច ទៅ​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​អាកា​រៈ​ងងឹតមុខ ហើយ​ក៏​បាន​ដួល​ដេក​នៅ​លើ​សាប​ភ្លាម​ៗ​តែ​ម្ដង ខណៈនោះ​អ្នក​ជិតខាង​បាន​ព្យាយាម​ជួយ​សង្គ្រោះ​បឋម​តាម​រយៈ​ធ្វើ​ចលនា​បេះដូង​ដែរ ប៉ុន្តែ​អកុសល​មិន​អាច​ជួយ​បាន​ឡើយ​គាត់​ក៏​បាន​ស្លាប់​គួរ​ឲ្យ​សង្វេគ ។

ក្រោយ​ពេល​កើតហេតុ អ្នក​នៅ​ទីនោះ​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ៕

0 Reviews:

Post a Comment