Sunday, April 11, 2021

ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញនាំយកទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃនៅវត្តសែនមនោរម្យ និង វត្តព្រះពុទ្ធមណ្ឌលគិរី

ខេត្តមណ្ឌលគិរី : នៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរមួយចំនួន បានយកទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីរួមចំណែកដោះស្រាយការខ្វះខាតនៅក្នុងទីវត្តអារាម ខណៈដែលប្រទេសកម្ពុជាកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលក៏បាន ហាមឃាត់ការជួបជុំ ការប្រារព្ធពិធីផ្សេងៗ រួមទាំងការរឹតត្បិតពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយខែមកនេះ ជំងឺកូវីដ១៩ បានវាយលុកយ៉ាងខ្លាំងក្លាមកលើប្រទេសកម្ពុជា ដោយមានអ្នកឆ្លងរហូតដល់ជាង ៤ពាន់នាក់ និងស្លាប់ជាង២០ នាក់ ។ ប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងក្លានេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ ព្រមទាំងវិធានការស្រោចស្រង់វិស័យប៉ះពាល់មួយចំនួន ដើម្បីកុំឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ ។ ជំងឺកូវីដ១៩ មិនត្រឹមតែជះឥទ្ធិពលទៅលើវិស័យសេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេ ព្រះពុទ្ធសាសនាក៏ដូចជាសាសនាផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវី១៩ នេះដែរ ។ ការជួបជុំ ការរៀបចំពិធីផ្សេងៗ ត្រូវបានហាមឃាត់ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានរឹតត្បិតនៅតាមទីវត្តអារាមនានា ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ។

ដោយមើលឃើញពីការខ្វះខាត នៅតាមទីវត្តអារាម ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត សហភាពសហព័ន្ធកម្ពុជាខេត្ត បាននាំ ទេយ្យវត្ថុ បច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ដើម្បីរួមចំណែកដោះស្រាយការខ្វះខាតនៅតាមទីវត្តអារាមដែលអាចកើតមាននៅពេលខាងមុខ ឯកឧត្តមអភិបាលខេត្ត បានទូងស្គរ ដើម្បីបណ្ដេញឧបទ្រពចង្រៃ ជាពិសេសបណ្ដេញជំងឺកូវី១៩ ឱ្យចៀសឆ្ងាយពីខេត្តមណ្ឌលគិរី និងពីព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យមានក្ដីសុខចំរើនកើតមានចំពោះប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប និងគ្រប់សាសនិកទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការ ៣ ការពារ ៣កុំ និងមិនត្រូវចេញក្រៅផ្ទះបើគ្មានការចាំបាច់ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ ។

ទេយ្យវត្ថុ បច្ច័យ ដែលបានប្រគេនវត្តទាំង២ខាងលើ ដោយក្នុង១វត្តៗ ប្រគេន អង្ករ ៣០០គីឡូក្រាម មី ២កេះធំ ត្រីខ ២កេះធំ ទឹកសុទ្ឋ ១៥កេះ និង ៥០យួរ អាល់កុល ៣០លីត្រ ម៉ាស់ ២៥ប្រអប់ ភេសជ្ជៈបាកាស ៣កេះ ប្រគេនវត្តសែនមនោរម្យ បច្ច័យ ២លានរៀល ប្រគេនវត្ត ព្រះពុទ្ធមណ្ឌលគិរី បច្ច័យ ២.២លានរៀល ៕

                 

0 Reviews:

Post a Comment