Wednesday, July 28, 2021

អាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន....

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ដែលធ្វើសកម្មភាពប្រដាប់ដោយកាំបិត និងដុំថ្ម ដេញកាប់ និងគប់ទៅលើយុវជនម្នាក់ទៀត ផ្អើលប្រជាពលរដ្ឋក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា មានក្រុមក្មេងស្ទាវ១ក្រុម បានធ្វើសកម្មភាពជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាស្គុបពីពណ៌ខ្មៅ ១គ្រឿង និងម៉ូតូម៉ាកហុងដា CD ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពយកកាំបិតបុ័ងតោ និងដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសដៃខាងឆ្វេង១កន្លែង និងបែកអាវម៉ូតូខាងស្ដាំ១កន្លែង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវបានបើកម៉ូតូរត់គេចខ្លួនបាត់អស់។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ មានក្មេងស្ទាវ១ក្រុមប្រដាប់ដោយកាំបិត និងដុំថ្ម ដេញកាប់ និងគប់ទៅលើយុវជនម្នាក់ផ្អើលប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា ក្រោយបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងដោយទទួលបាននូវពាក្យបណ្ដឹងពីជនរងគ្រោះផង លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយសួរនាំអំពីដំណើររឿងដែលបានកើតឡើងព្រមទាំងប្រមូលរាល់ភស្ដុតាង ដោយសហការជាមួយប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ដើម្បីយករូបភាពតាមរយ:កាមេរ៉ាសុវត្ថិភាពទើបឈានដល់កំណត់មុខសញ្ញាបាន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ដោយផ្អែកលើរូបភាពកាមេរ៉ាសុវត្ថិភាព លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២០ ខែកក្កដា ដដែល បានរកឃើញក្រុមក្មេងស្ទាវនៅចំណុចតារាងបាល់តាកី ស្ថិតក្នុងភូមិ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពេលនោះកម្លាំងបានធ្វើប្រតិបត្តិការបង្ក្រាប តែក្រុមក្មេងស្ទាវដឹងខ្លួនទាន់ហើយរត់គេចខ្លួនអស់ បន្សល់ទុកនៅតែម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1U-6386។

ក្នុងករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅតែបន្តធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៩៖៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ហៅខ្នារ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដា CD ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យរូបនេះ បានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញសាកសួររួច បានឆ្លើយសារភាពថា រូបគេមានគ្នាចំនួន៤នាក់ រួមមាន៖

*ទី១៖ គឺជារូបខ្លួន ឈ្មោះ យូរ បញ្ញា (ខ្នារ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
*ទី២៖ ឈ្មោះ អាំង ពុយរាំង (បារាំង) ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
*ទី៣៖ ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ មិនស្គាល់លំនៅដ្ឋាន។
*ទី៤៖ មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្ន ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះ ឈ្មោះ ផេម ទីណា ភេទប្រុស ពិតប្រាកដមែន ដោយឈ្មោះ រ័ត្ន យកកាំបិតតាំងតោគប់ និងឈ្មោះ បារាំង បានគប់ដុំថ្ម ទៅលើឈ្មោះ ផេម ទីណា ផងដែរ ចំណែករូបគេជាអ្នកឌុបឈ្មោះ រ័ត្ន តែប៉ុណ្ណោះ។

ដោយផ្អែកលើភស្ដុតាង និងចម្លើយសារភាព ព្រមទាំងផ្អែកលើពាក់បណ្ដឹងរបស់ជនរងគ្រោះ និងសាក្សីដូច្នេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ចំណែកជនដៃដល់ និងបក្ខពួកនៅសេសសល់កម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតីវិធីច្បាប់ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ៕


0 Reviews:

Post a Comment