Wednesday, August 4, 2021

ឃាត់ខ្លួន​ក្រុម​យុវជន និង​យុវតី ចំនួន​១៨​នាក់ ដែល​ជិះ​ម៉ូតូ​ដេញ​វាយតប់​គ្នា និង​ល្មើស​បម្រាម​គោចរ.....

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ផ្ទាល់​ដោយ​លោក​អភិបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ល្បាត​ក្នុង​មូលដ្ឋាន ហើយ​ក៏​ឃាត់ខ្លួន​ក្រុម​យុវជន និង​យុវតី ចំនួន​១៨​នាក់ ដែល​ជិះ​ម៉ូតូ​ដេញ​វាយតប់​គ្នា និង​ល្មើស​បម្រាម​គោចរ បញ្ជូន​ខ្លួន​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌ ចាត់ការ​តាម​នីតិវិធី​។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ នៅ​ក្បែរ​កា​រ៉ា​ស​សាំង​តូ​តា​ល់ ចំណុច​ក្បែរ​វត្ត​ព្រែក​លៀប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ពី​លោក​អភិបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​ចំនួន​១៨​នាក់ ក្នុង​នោះ​មាន​ស្រី​៤​នាក់ ជិះ​ម៉ូតូ​ច្រើន​គ្រឿង​បង្ក​ហិង្សា​ដេញ​វាយតប់​គ្នា​ពេញ​ផ្លូវ និង​ល្មើស​បម្រាម​គោចរ ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​តែ​ម្តង​។

លោក​អភិបាល​ខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា ការ​បង្ក្រាប និង​ឃាត់ខ្លួន​នេះ គឺ​មិន​មាន​ករណី​លើកលែង ឬ​ក៏​អប់រំ​ដូច​មុន​ទេ គឺ​អនុវត្ត​តាម​នីតិវិធី ។ បន្ទាប់​ពី​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ហើយ ក៏​ត្រូវ​បាន​លោក​អភិបាល ទាក់ទង​ហៅ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​មក​យក​សំណាក​តេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩ នៅ​ទីតាំង​ឃាត់ខ្លួន​នោះ​តែ​ម្តង ជា​ចេញ​លទ្ធផល គឹ​អវិជ្ជមាន​ទាំង​១៨​នាក់ ។

បន្ទាប់​ពី​ចេញ​លទ្ធផល​តេស្ត​រួច ក្រុម​ក្មេង​ទំនើង​ទាំង​១៨​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ផាកពិន័យ​ជា​ប្រាក់ និង​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​១​ឆ្នាំ ដោយ​គ្មាន​ករណី​លើកលែង​នោះ​ទេ ៕















0 Reviews:

Post a Comment