Wednesday, August 4, 2021

អ្នកភូមិឈើទាល២ ស្រុកកៀនស្វាយ ចំនួន១៤៣នាក់ រងគ្រោះដោយសារគេកាយផ្ដាច់ផ្លូវសាធារណ:មិនអាចធ្វើដំណើរបាន ស្នើសុំអភិបាលខេត្តកណ្ដាល ជួយដោះស្រាយបញ្ហានេះផង....


(កណ្តាល)៖
 បន្ទាប់ពីឈ្មោះ ចាន់ វិទូ ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ បញ្ជាឲ្យកូនចៅកាយផ្តាច់ផ្លូវសាធារណ:មិនឲ្យពលរដ្ឋធ្វើដំណើររួចមក ក្រុមប្រជាពលរដ្ឋទាំង១៤៣នាក់ បានស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជួយដោះស្រាយបញ្ហានេះផង។

តំណាងប្រជាពលរដ្ឋទាំង១៤៣នាក់ លោក ផាន់ ផានី រស់នៅក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ បានឱ្យដឹងថា ផ្លូវនេះកើតមានឡើងតាំងពីជំនាន់ដើមមកម្ល៉េះ ហើយដីនេះជាដីបឹងសាធារណ:របស់រដ្ឋ ប៉ុន្តែហេតុអ្វីបានក្លាយជាដីរបស់លោក ចាន់ វិទូ ទៅវិញ?

លោកបន្តថា ផ្លូវនេះ ពួកគាត់ប្រើប្រាស់សម្រាប់ធ្វើដំណើរទៅនេសាទត្រី ដកព្រលឹត ដកក្រអៅឈូក បេះត្រកួន និងស្លឹកឈូកនៅបឹងធំ ព្រមទាំងធ្វើដំណើរទៅកាន់ទីសក្ការៈបូជា កំពង់រទេះ កោះលៀស និងកោះស្លែងអណ្តែត តតាំងពីដូនតាមកម្ល៉េះ។ សូម្បីតែអាជ្ញាធរក៏ទទួលស្គាល់ដែរ មិនដែលកើតមានបញ្ហាអ្វីនោះទេហើយកន្លងមក ដោយសារតែឃើញផ្លូវនេះ ទាបលិចទឹក ពិបាកធ្វើដំណើរ ក៏មានសប្បុរជនបានជួយចេញប្រាក់ដើម្បីចាក់ដីបំពេញ ស្រួលធ្វើដំណើរ ធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់។

លោកបញ្ជាក់ទៀតថា ស្រាប់តែកាលពីថ្ងៃទី១៩ ខែកក្តដា កន្លងទៅនេះ លោក ចាន់ វិទូ ដែលជាម្ចាស់អាជីវកម្មបូមខ្សាច់ នៅក្បែរផ្លូវមួយខ្សែនេះ បានបញ្ជាឱ្យកូនចៅយកអេស្កាវ៉ា កាយផ្តាច់ផ្លូវនេះធ្វើឱ្យពួកគាត់មិនអាចដំណើរបាន ទើបបានជាពួកគាត់ដាក់ពាក្យបណ្តឹងទៅកាន់សាលាឃុំឈើទាល និងសាលាស្រុកកៀនស្វាយ។

លោកអះអាងទៀតថា លុះនៅរសៀលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២១ អាជ្ញាធរស្រុកបានដឹកនាំគ្រឿងចក្រទៅកាយលុបផ្លូវនោះឡើងវិញ ប៉ុន្តែបន្តិចក្រោយមកក៏ត្រូវផ្អាកវិញ ដោយមន្ត្រីប្រាប់ថាមានអន្តរាគមន៍ពីថ្នាក់លើ។ បើផ្លូវនេះត្រូវកាត់ផ្តាច់ ពួកគាត់គ្មានផ្លូវសម្រាប់ធ្វើដំណើរទៅបឹងប្រកបរបរចិញ្ចឹមជីវិត និងមិនអាចទៅកាន់ទីសក្ការៈបូជា បានឡើយ ដូច្នេះសូមថ្នាក់លើមេត្តាអន្តរាគមន៍ឱ្យឈ្មួញកាយលុបផ្លូវឱ្យបានដូចដើមវិញផង។

លោកស្រី សេន ថាច ប្រធានភូមិឈើទាល២ បានអះអាងថា ផ្លូវ១ខ្សែដែលលោក ចាន់ វិទូ ប្រើកូនចៅឱ្យកាយផ្តាច់ និងដឹកអាចម៌ដីយកទៅលក់នេះ គឺពិតជាផ្លូវសាធារណៈដែលប្រជាពលរដ្ឋប្រើប្រាស់តាំងពីដូនតាមកមែន។ ប៉ុន្តែ កាលពីមុនមិនធំអញ្ចឹងទេ តែកាលពី២០១៥ សប្បុរសជនបាននាំគ្នាបរិច្ចាគដី និងចាក់ដីបំពេញ ទើបពង្រីកបានទទឹង៧ម៉ែត្រ។

ចំណែកឯលោក ឡឹង ឡន អនុប្រធានភូមិឈើទាល២ បានបញ្ជាក់ដែរថា រូបលោកផ្ទាល់ គឺជាអ្នកចុះជាមួយក្រុមការងារសុរិយោដី ចុះចង្អុលព្រំក្នុងយុទ្ធនាការធ្វើប្លង់ជាប្រពន្ធ័កាលពីឆ្នាំ២០១៩ ហើយកាលណោះ លោកបានចង្អុលច្បាស់ណាស់ថា ដីរបស់លោក ចាន់ វិទូ មានព្រំជាប់ផ្លូវនៅផ្នែកខាងត្បូង ចុះហេតុអ្វីនៅពេលនេះ ស្រាប់តែប្លង់ចេញមកបញ្ជាប់ថា ព្រំប្រទល់ដីរបស់លោក ចាន់ វិទូ នៅខាងជើងផ្លូវ ជាប់បឹង ហើយផ្លូវទៅនៅក្នុងដីរបស់លោក ចាន់ វិទូ ទៅវិញ? ជាមួយគ្នានោះដែរលោកស្រី អ៊ុក សឿន មេឃុំឈើទាល ក៏បានបញ្ជាក់ដែរថា ដីដែលភាគីលោក ចាន់ វិទូ កាយផ្តាច់នោះ គឺជាផ្លូវសាធារណៈប្រាកដមែន មានទំហំ៧ម៉ែត្រ និងបណ្តាយជាង២០០ម៉ែត្រ។

លោក កែវ សេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារដោះស្រាយវិវាទនេះ បានប្រាប់ថា ក្រុមការងារចុះមកពេលនេះ គឺដើម្បីប្រមូលព័ត៌មានពីមេភូមិ មេឃុំ និងចាស់ព្រឹទ្ធាចារ្យ ដើម្បីធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលស្រុក ហើយពួកគាត់សុទ្ធតែឆ្លើយថា ទីតាំងដែលឈ្មួញកាយផ្តាច់នោះ គឺពិតជាផ្លូវដែលមានតាំងពីបុរមបុរាណប្រាកដមែន ហើយលោកនឹងកោះហៅមន្ត្រីជំនាញដែលចុះ ទៅវាស់វែងលើដីនោះ មកសាកសួរបន្ថែមទៀត ដើម្បីទទួលបានយុត្តិធម៌ទាំងសងខាង ហើយលោកក៏បានបញ្ជាក់បន្ថែមដែរថា ករណីនេះដែរលោកបានធ្វើការកោះហៅ ភាគីលោក ចាន់ វិទូ ចំនួន២លើកមកហើយដែរ ដើម្បីឱ្យចូលមកដោះស្រាយ ប៉ុន្តែលោក ចាន់ វិទូ មិនបានចូលខ្លួននោះទេ។

ពាក់ពន្ធ័នឹងករណីនេះ យើងខ្ញុំមិនអាចទំនាក់ទំនងសុំការបកស្រាយពីលោក ចាន់ វិទូ បានទេនៅពេលព្រឹកថ្ងៃនេះ។ ប៉ុន្តែមេកាម្នាក់បានអះអាងតាមទូរសព្ទ័ថា មេរបស់ខ្លួនកាយតែដីកម្មសិទ្ធិរបស់ក្រុមហ៊ុនប៉ុណ្ណោះ មិនបានកាយដីផ្លូវនោះទេ ហើយដីក្រុមហ៊ុនមានប្លង់ត្រឹមត្រូវ៕












0 Reviews:

Post a Comment