Monday, August 16, 2021

បុរស​ម្នាក់ បាន​កំពុង​ឈប់​ម៉ូតូ​នៅពេល​ស្តុ​ប​ក្រហម រថយន្ត​ធុន​ធំ ក្រុមហ៊ុន L.M.H បើក​បុក​ម៉ូតូ​ពីក្រោយ អូស​ជាច្រើន​ម៉ែត្រ បែកក្បាល​ធ្លាយ ខួរ​ស្លាប់​.....

ភ្នំពេញៈ បុរស​ម្នាក់ បាន​កំពុង​ឈប់​ម៉ូតូ​នៅពេល​ស្តុ​ប​ក្រហម ស្រាប់តែ​រថយន្ត​ធុន​ធំ របស់​ក្រុមហ៊ុន LMH បើក​បុក​ពីក្រោយ អូស​ជាច្រើន​ម៉ែត្រ បែកក្បាល ធ្លាយ​ខួរ​ស្លាប់ នា​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ទួល​ពង្រ ផ្លូវ ៣០ ម៉ែត្រ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ លៀង ជុំ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម ។ ចំណែក​រថយន្ត​បង្ក ជា​ប្រភេទ​ដឹកទំនិញ របស់​ក្រុមហ៊ុន L.M.H ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A 3654 ក្រោយ​កើតហេតុ តៃកុង​រថយន្ត បាន​ចុះ​គេចខ្លួន បាត់ស្រមោល​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1C 5303 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៣០ ម៉ែត្រ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ដោយសារ​ភ្លើងស្តុប ក្រហម ក៏​ឈប់​រង់ចាំ​។ ភ្លាមនោះ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ ដឹកទំនិញ​របស់​ក្រុមហ៊ុន L.M.H ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A 3654 បើកបរ​មកពី​ក្រោយ រួច​បុក​អូស​ជាប់​ម៉ូតូ​ក្រោម រថយន្ត បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ (​បែកក្បាល ធ្លាយ​ខួរ​)​។​

​ក្រោយ​កើតហេតុ តៃកុង​រថយន្ត បាន​ចុះ​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែង កើតហេតុ ។ បន្ទាប់មក សមត្ថកិច្ច បាន​ចុះ​មកដល់ និង​ទាក់ទង​ទៅ​ជំនាញ មក​វាស់វែង យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ចំណែក​សព ជនរងគ្រោះ ត្រូវបាន​ប្រគល់​ទៅ​ក្រុមគ្រួសារ ៕      

0 Reviews:

Post a Comment