Saturday, July 31, 2021

លោកយាយអាយុ១០៣ឆ្នាំ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ថាស្រលាញ់សម្ដេចតេជោ ហ៊ុន សែន ខ្លាំងណាស់ និងចង់ជួបផ្ទាល់ទាន់លោកយាយនៅមានជីវិត....

(ព្រះវិហារ)៖ លោកយាយ ថោង ក្រឹម អាយុ១០៣ឆ្នាំ រស់នៅភូមិស្រអែមខាងលើ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

លោកយាយ ថោង ក្រឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគដល់លោកយាយ។

ដោយសារតែចិត្តស្រលាញ់សម្ដេចតេជោ ហ៊ុន សែន, លោកយាយដែលមានអាយុ១០៣ឆ្នាំ បានថ្លែងថា លោកយាយពិតជាចង់ជួបសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ខ្លាំងណាស់ ទាន់លោកយាយនៅមានជីវិតរស់ ព្រោះការចង់ជួបសម្ដេចផ្ទាល់ គឺជាបំណងប្រាថ្នាមួយរបស់លោកយាយយូរណាស់មកហើយ។

សំឡេងរៀងរដឺនលោកយាយ ថោង ក្រឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជួបសម្ដេច ហ៊ុន សែន ចង់ឃើញច្បាស់ទាន់ខ្ញុំនៅ ចង់ឃើញនោះឯង។ ដោយសារតែស្រលាញ់ខ្លាំងណាស់បានចង់ជួប ទាន់ខ្ញុំនៅនេះ»

ជាមួយគ្នានេះ លោកយាយ ថោង ក្រឹម ក៏បានបញ្ជាក់អំពីស្ថានភាពសុខភាពរបស់លោកយាយផងដែរ ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺនៅល្អធម្មតាមិនមានអ្វីប្រែប្រួលនោះទេ។

លោកយាយ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យលោកយាយ និងក្រុមគ្រួសារបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕





ថ្ងៃចេញផ្សាយ : July 31, 2021 | អ្នកនិពន្ធ:

ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​៧​នាក់ លួច​ឆ្លងដែន​ចូល​កម្ពុជា​​...

បន្ទាយមានជ័យ : លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ដឹកនាំ​កម្លាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា ចំនួន​០៧​នាក់ ក្នុង​នោះ​ប្រុស​០១​នាក់ នៅ​ចំណុច ផ្លូវ​ឧក​ញ្ញា សំ ផាន់​ណា​រិ​ទ្ធិ ស្ថិត​ក្នុងភូមិ​/​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ទៀបភ្លឺ​ឈាន​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ បាន​បញ្ជក់​ថា​ ខណៈ​ដែល​កម្លាំង​ដើរ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ក៏បាន​ជួប​ជនជាតិ​ថៃ បម្រុង​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា ត្រូវ​បាន​កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ កងពលតូច​ថ្មើរជើង​លេខ​៥១ ឃាត់ខ្លួន​បានតែ​ម្តង។​ ក្នុងនាម​លោក​ជា​មេបញ្ជាការ​ប្រចាំ​ទិស​តែងតែ​បញ្ជា​កម្លាំង​គ្រប់​គោលដៅ​ល្បាត​២៤​ម៉ោង​លើ​២៤​ម៉ោង​ ឲ្យ​ខាន​តែ​បាន​មិន​ធ្វេសប្រហែស​ឡើយ​ព្រោះ​ ខណៈ​ពេល​ប្រទេស​ថៃ​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។​

ក្រោយ​ការ​ឃាត់​ជនជាតិ​ថៃប្រុសស្រី ទាំង​០៧​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រគល់​ឲ្យ​នគរបាល អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​តាមច្បាប់​។ មានការ​ឆ្ងល់​និង​លើកឡើង​ថា ​ហេតុអ្វី​បានជា​ជនជាតិ​ថៃ​ចេះតែ​លួច​ឆ្លង​កម្ពុជា​សំដៅ​ចូល​ទៅ​តំបន់​ប៉ោយប៉ែត​ ខណៈ​ដែល​កាស៊ីណូ​ក៏​បាន​បិទ​ហើយ​ព្រំដែន​ក៏​បាន​បិទ​និង​រឹត​បន្តឹង​៕

ថ្ងៃចេញផ្សាយ : July 31, 2021 | អ្នកនិពន្ធ:

ឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុន «វីរៈប៊ុនថាំ» នៅខណ្ឌជ្រោយចង្វារ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងខូចខាតរថយន្ត២៣គ្រឿង....


(ភ្នំពេញ)៖
 មនុស្សម្នាក់បានស្លាប់ និងរថយន្តក្រុង២៣គ្រឿង ត្រូវបានអគ្គីភ័យឆេះបំផ្លាញ នាម៉ោងជាង ៤ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយសារគ្រោះអគ្គីភ័យឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វីរៈប៊ុនថាំ» ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲដឹងថា ដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់ នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។

បើតាមលោក ព្រហ្ម យ៉ន ក្នុងហេតុការណ៍នេះ មិនបណ្តលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។

ក្នុងនោះរួមមាន៖ រថយន្តការិយាល័យអគ្គីភ័យចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មេីនឹង២៥០ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡានសើ្មនឹង៨០ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡានសើ្មនឹង១៦ម៉ែត្រគូប៕

វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសបន្ថែមទៀត មកដល់កម្ពុជា...


(ភ្នំពេញ)៖
 លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់ឲដឹងថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន ១លានដូសបន្ថែមទៀត ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានៅចុងសប្តាហ៍នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា ១៧លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។

តាមផែនការនៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕

ប្រជាពលរដ្ឋរំភើបចិត្តយ៉ាងខ្លាំងពេលឃើញអាជ្ញាធរឆ្លើយតបនិងពួកគេភ្លាមៗ.....


កណ្តាល ៖ ក្រោយពេលមានការទទូចស្នើសុំពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃសុក្រទី៣០ ខែកក្កដាឆ្នាំ២០២១នៅវេលាម៉ោង៩នឹង៣០នាទី ក្រុមការងារថ្នាក់ស្រុកកៀនស្វាយ ដោយលោក សុខ ពិសិដ្ឋ អភិបាលរងស្រុកតំណាង លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ នឹងសហការី ព្រមទាំងលោក វ/ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ នឹងសហការី លោកអ/ឯក សៀង​ វណ្ណឆៃ មេបញ្ជាការរងអ.ហ ស្រុកកៀនស្វាយ នឹងសហការី​ លោក កែវ សេង ប្រធានការិយាល័យសេដ្ធកិច្ចស្រុកកៀនស្វាយ នឹងសហការី លោក ហៀង ឌីណេត ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ នឹងបរិសា្ថនស្រុកកៀនស្វាយ នឹងសហការី លោកស្រី អ៊ុក សឿន មេឃុំឈេីទាល និងសហការី លោកស្រី សេន ថាច មេភូមិឈើទាល២ លោក វ/ត្រី សឿន ផល្លី នាយប៉ុស្ដិ៍នឹងមន្រ្តី បានចុះពិនិត្យមើលទីតាំងកាយដីផ្លូវលំមួយខ្សែខុសច្បាប់ដែលពាក់ព័ន្ធជាមួយឈ្មោះចាន់ ពិទូ នឹងប្រជាពលរដ្ផចំនួន១៣៥គ្រួសារ ដែលរស់នៅក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ដោយអាជ្ញាធរស្រុកសំរេចអោយកាយដីដាក់ចាក់បំពេញធ្វេីជាផ្លូវលំជូនប្រជាពលរដ្ផធ្វើដំណើរបណ្តោះអាសន្ន រង់​ចាំបន្តនិតិវិធីទៅតាមផ្លូវច្បាប់តាមក្រោយ  ។

អំឡុងពេលដែលអាជ្ញាធរឆ្លើយតប និងតំរូវការរបស់ប្រជាពលរដ្ឋ ពួកគាត់មានការសប្បាយរីករាយនិងកោតសរសើដល់អាជ្ញាធរយ៉ាងខ្លាំងអំពីដំណោះស្រាយមិនទុកប្រជាជនចោល៕










Wednesday, July 28, 2021

អាជ្ញាធរបញ្ចប់ការស្តារប្រឡាយបឹងទំពន់ ទាំងស្រុងហើយដោយប្រមូលសំរាម និងស្មៅបណ្តែតទឹកជាង ២៥០០ឡាន....

(ភ្នំពេញ)៖ ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត ៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់ ១០០ភាគរយហើយ ក្រោយពីក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែរួចមក ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបានជាង២៥០០ឡាន ស្មើនឹងជាង១ម៉ឺន ២ពាន់ម៉ែត្រគូប។

បើតាមលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា ដោយមានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំពីលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់ ១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដេីម្បីរំដោះទឹកភ្លៀងនារដូវវស្សានេះ។

លោក ដួង ចាន់សារ៉ាត់ បានបន្តថា «ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១។

ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបាន ២៥១០ឡាន ស្មើ ១២,០៥០ម៉ែត្រគូប។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ ៧មករា»

លោក ដួង ចាន់សារ៉ាត់ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕